ដែនជម្រកសត្វព្រៃកែវសីមាជាទីតាំងដែលអំណោយផលដល់ការរស់រានមានជីវិតរបស់ភាវរស់គ្រប់ប្រភេទ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥--
ដែនជម្រកសត្វព្រៃកែវសីមាជាទីតាំងដែលអំណោយផលដល់ការរស់រានមានជីវិតរបស់ភាវរស់គ្រប់ប្រភេទរួមមាន រុក្ខជាតិ សត្វល្អិត សត្វព្រៃ ក៏ដូចជាមនុស្សផងដែរ។ ការរស់នៅក្នុងទីតាំងជាមួយគ្នានេះតែងតែមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ខ្លះជាទំនាក់ទំនងបែបវិជ្ជមាន និងខ្លះទៀតបង្កជាការរំខាន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ភាវៈទាំងនោះ ។

មន្រ្តីអង្គការ WCS នេះបានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ ថា អង្គការសមាគមអភិរក្សសត្វព្រៃ តាមរយៈការគាំទ្រពីគម្រោងរេដបូកកែវសីមាបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើប្រធានបទ «ការរស់នៅជាមួយសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា» ជាមួយសហគមន៍មូលដ្ឋានចំនួន១៣ភូមិ ដែលមានទីលំនៅ ស្រែ ចម្ការ នៅក្បែរទីតាំងដែលមានសត្វព្រៃរស់នៅ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីការយល់ឃើញរបស់ប្រជាសហគមន៍មូលដ្ឋានលើការរស់នៅក្បែរទីតាំងដែលជាជម្រករបស់សត្វព្រៃ ជាពិសេសសត្វដំរីដែលបានបង្ហាញវត្តមានជាញាក់ញាប់នៅតាមព្រៃក្បែរចំការរបស់សហគមន៍។ គម្រោងបានសិក្សាលើករណីជាច្រើនដែលរងផលប៉ះពាល់ពីសត្វដំរី និងសត្វព្រៃផ្សេងទៀត ហើយបានស្វែងរកមូលហេតុដែលបណ្តាលអោយមានផលប៉ះពាល់ទាំងនេះ។

ដោយកត្តាស្ថានភាពប្រជាជន និងតម្រូវការផ្នែកសេដ្ឋកិច្ចមានការកើនឡើង ទីតាំងដែលជាជម្រករបស់សត្វព្រៃត្រូវបានរួមតូច ហើយអាហារធម្មជាតិក្នុងព្រៃរបស់សត្វព្រៃមិនមានភាពសម្បូរបែបដូចមុន រួមជាមួយការរំខានពីសកម្មភាពមនុស្សផងនោះ បានធ្វើអោយសត្វព្រៃបំលាស់ទីរកទីតាំងដែលសម្បូរចំនីអាហារ ហើយកត្តានេះបានបង្កជាផលប៉ះពាល់ដល់សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាសហគមន៍។

ហេតុដូចនេះហើយ ដើម្បីស្វែករកដំណោះស្រាយក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ គម្រោងបានពិភាក្សាជាមួយដៃគូពាក់ព័ន្ធ មានក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អង្គការដៃគូដែលធ្វើលើការងារអភិរក្សធនធានធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្នុងការរិះរកវិធានការសមស្របក្នុងការដោះស្រាយ។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ ក្រុមការងារបានលើកយកវិធានការមួយចំនួនដែលបានអនុវត្តនៅបណ្តាប្រទេសនានា និងវិធានការមួយចំនួនដែលសមស្របនឹងស្ថានភាពភូមិសាស្ត្រ មកជជែកពិភាក្សាជាមួយសហគមន៍ដែលរស់នៅក្នុង និងក្បែរដែនជម្រកសត្វព្រៃកែវសីមា ដើម្បីជាធាតុចូលបន្ថែមក្នុងការរៀបចំវិធីសាស្ត្រគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ឱ្យមានប្រសិទ្ធភាព។ ទិន្នន័យដែលទទួលបានពីកិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងរួមចំណែកក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តដែលអាចឱ្យសហគមន៍មូលដ្ឋាន និងសត្វព្រៃអាចរស់នៅក្នុងទីតាំងរួមគ្នាបានដោយសុខដុមរមនា៕
ដោយ ណយ នឿន (ប្រភព៖ WCS)





