នាយឧត្តមសេនីយ៍ ម៉ឹង សំផន ចុះត្រួតពិនិត្យកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ចុះបូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋនៅស្រុកចន្រ្ទា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥--
កម្លាំងទ័ព និងក្រុមការងារសម្របសម្រួលឆ្លើយតបការសង្គ្រោះគ្រោះមហន្តរាយបន្ទាន់ក្រសួងការពារជាតិ ភ្ជាប់ជាមួយម៉ាស៊ីនបូមទឹក និងសម្ភារភស្តុភារ បានចុះទៅពង្រាយតាមតំបន់រីងស្ងួត ខ្វះទឹក ស្រោចស្រព ស្រូវរដូវប្រាំង នៅក្នុងស្រុកខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យតំបន់រីងស្ងួត ខ្វះទឹក ស្រោចស្រពស្រូវប្រាំង ដែលកម្លាំងក័ព ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិឈរជើងចុះបូមទឹកសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា យុទ្ធនាការបូមទឹករបស់កម្លាំងទ័ពក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ រយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើការបូមទឹកស្រោចស្រពផ្ទៃដីស្រែប្រាំងចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំងសរុបចំនួន៤៧៤២ហិកតា ស្ថិតនៅក្នុងឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង៕

ដោយ សំ សាម៉ន





