ក្រសួងវប្បធម៌ចេញសេចក្តីណែនាំអំពីការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្ប:កម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥--
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំអំពីការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្ប:កម្សាន្តនានា ដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គម ដោយក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់ លើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារ អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គមខ្មែរ។

កាលពីពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការមួយគួរឱ្យគោរព និងកោតសរសើរជាខ្លាំង។ ហើយមានអ្នកសិល្បៈ និងបុគ្គលដែលល្បីមួយចំនួនក្នុងបណ្តាញសង្គមដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារ អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។
ក្រសួងបានណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម នាពេលកន្លងមក។ បើមិនព្រមបញ្ឈប់ ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីច្បាប់៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





