យុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ "ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់"
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥--
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមជាអធិបតីយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ "ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់" នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកជំទាវ ដឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ប្រមាណជាង៣០០នាក់ នៅបរិវេណមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកព្រះទ័យយកចិត្តទុកដាក់ចំពោះកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ដោយជំរុញ និងបណ្ដុះនូវឆន្ទៈ ផ្នត់គំនិត បំពេញការងារស្ម័គ្រចិត្តដោយមិនគិតប្រយោជន៍តបស្នងវិញ ស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា និងអនុវត្តតាមយុទ្ធសាស្ដ្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះវិស័យសុខភាព និងការថែទាំសុខភាពគឺជាគោលដៅសំខាន់មួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយអត្រាឈឺ និងស្លាប់របស់ប្រជាជន។

លោកជំទាវបានបញ្ជាក់ថា យើងបានប្រែក្លាយទិវានៃក្ដីស្រឡាញ់នេះទៅជាទិវានៃក្ដីស្រឡាញ់មនុស្សជាតិ និងទិវានៃក្ដីស្រឡាញ់ខ្លួនឯង ដោយសារថ្ងៃនេះមានការចូលរួមពីក្មួយៗយុវជនកាកបាទក្រហមកម្ពុជា លោកពូ អ្នកមីង ប្រជាពលរដ្ឋទាំងអស់បានមកចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ការចូលរួមបរិច្ចាគឈាមនេះគឺមិនត្រឹមតែជួយជីវិតអ្នកដទៃប៉ុណ្ណោះទេ តែក៏បានជួយជីវិតខ្លួនឯង និងមនុស្សជាទីស្រឡាញ់ផងដែរ។ ជាមួយគ្នានេះ ជំងឺមិនឆ្លងកាន់តែមានការកើនឡើងតម្រូវការឈាមគឺកាន់តែមានច្រើនឡើង ដូច្នេះត្រូវតែចូលរួមបង្ការ និងផ្សព្វផ្សាយវិធីបង្ការជំងឺមិនឆ្លង និងចូលរួមបរិច្ចាគឈាមឱ្យបានទៀតទាត់តាមដែលអាចធ្វើទៅបាន (សម្រាប់បុរសអាចបរិច្ចាគបាន៤ដងក្នុង១ឆ្នាំ សម្រាប់នារីអាចបរិច្ចាគបាន៣ដងក្នុង១ឆ្នាំ)៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





