រដ្ឋបាលខេត្តកំពង់ចាមរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីការបញ្ជ្រាបសមភាពយេនឌ័រ បរិយាបន្នពិការភាព
AKP កំពង់ចាម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥--
នៅសាលប្រជុំសាលាខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីការបញ្ជ្រាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ-សង្កាត់ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងកម្មវិធី ACCESS 2 លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រី មេឃុំ ចៅសង្កាត់។

មានប្រសាសន៍ក្នុងអង្គសិក្ខាសាលា លោកស្រី ប៉ាង ដានី បានលើកឡើងថា សិក្ខាសាលាតម្រង់ទិសស្តីពីការបញ្ជ្រាប សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI) នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ-សង្កាត់ ពិតជាមានសារសំខាន់ ក្នុងគោលបំណងបង្កើនការយល់ដឹង និងបញ្ជ្រាបគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ទៅក្នុងកិច្ចការរបស់អាជ្ញាធរមូលដ្ឋានពិសេសក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ តាមរយៈការធ្វើផែនការសកម្មភាព និងផែនការថវិកាក្នុងផ្នែកសេវាសង្គម សម្រាប់យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។

លោកស្រីអភិបាលរងខេត្តបានបន្តទៀតថា ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអនុវត្ដ និងឆ្លើយតបតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាលបានល្អរួមទាំងបានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈរបស់ខេត្ត ពិសេសផ្នែកវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ ជាផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពដោយបានបង្កើតក្រុមការងារពហុវិស័យ ពង្រឹងការឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ (GBV) និងក្រុមប្រឹក្សាសកម្មភាពជនមានពិការភាពខេត្ត សម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ក្រោមការចូលរួមពីបណ្តាមន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ជាសេនាធិការ និងអង្គការដៃគូ ជួយឧបត្ថម្ភគាំទ្រពិសេសនោះគឺ កម្មវិធី ACEESS 2៕

ដោយ ឆាយ ម៉ុត





