ស.ស.យ.ក ខេត្តកំពង់ចាម ចូលរួមបរិច្ចាគឈាមនៅថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ
AKP កំពង់ចាម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥--
លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ចាម បានដឹកនាំសមាជិកសមាជិកាស.ស.យ.ក ខេត្តកំពង់ចាម ចូលរួមយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ នៅមជ្ឈមណ្ឌលផ្តល់ឈាមក្នុងមន្ទីរពេទ្យខេត្ត នាព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥នេះ។ លោកអភិបាលរងខេត្តបានឱ្យដឹងថា ថ្ងៃទី១៤កុម្ភៈនេះជាថ្ងៃទិវានៃក្ដីស្រឡាញ់ ហើយស.ស.យ.ក ខេត្តកំពង់ចាមបានដឹកនាំសមាជិកសមាជិកាស.ស.យ ក នៅតាមគ្រឹះស្ថានសិក្សាតាមមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមធ្វើយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ ដើម្បីបង្កលក្ខណៈឱ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តីស្រឡាញ់របស់គាត់ ដោយចូលរួមបរិច្ចាគឈាមជួយដល់ជនរងគ្រោះដែលត្រូវការឈាម។

យុទ្ធនាការបរិច្ចាគឈាមនេះគឺពិតជាមានសារៈសំខាន់ណាស់ដោយសារតែការផ្ដល់ឈាមគឺជាការធ្វើអំពើល្អ ជាការចែករំលែកនូវសេចក្ដីស្រឡាញ់ សេចក្ដីអាណិតដល់ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមដើម្បីព្យាបាល និងជួយសង្គ្រោះជីវិតក្នុងឧបទ្ទវហេតុអ្វីមួយ។ លោក ហាន កុសល បានបន្ថែមទៀតថា ការផ្តល់ឈាមគឺជាទឹកចិត្តនៃការលះបង់នៃការជួយសង្គ្រោះរបស់ខ្ញុំ និងបងប្អូនយុវជន ស.ស.យ.ក ទាំងអស់ សម្រាប់ថ្ងៃ១៤កុម្ភ: ដែលជាទិវានៃក្តីស្រឡាញ់របស់ជនរួមជាតិទៅកាន់អ្នកដទៃ តាមរយៈការធ្វើសប្បុរសធម៌ ពិសេសគឺតាមរយៈការបរិច្ចាគឈាមរបស់ខ្លួនឯងដើម្បីជួយសង្គ្រោះជីវិតអ្នកដទៃ។

ទិវានេះបានឆ្លុះបញ្ចាំងនូវសមាណចិត្តក្នុងការបរិច្ចាគឈាមជាសប្បុរសធម៌ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ហើយយើងត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សាច់ញាតិ បងប្អូន និងអ្នកដទៃដែលមិនទាន់បានបរិច្ចាគឈាមសូមជួយបន្តបរិច្ចាគឈាមរបស់ខ្លួន ដើម្បីបុព្វហេតុមនុស្សធម៌ និងជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមសង្គ្រោះជីវិត៕

ដោយ ឆាយ ម៉ុត





