ឯកឧត្តម គីមសួរ ភិរុណ៖ ការបរិច្ចាគឈាមជួយសង្គ្រោះអ្នកជំងឺជាអំពើល្អមួយក្នុងសង្គម
AKP កំពង់ចាម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះអ្នកជំងឺ ជាអំពើល្អមួយក្នុងសង្គម ព្រោះការផ្ដល់ឈាមគឺជាការធ្វើអំពើល្អ ជាការចែករំលែកនូវសេចក្ដីស្រលាញ់ សេចក្ដីអាណិត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមដើម្បីព្យាបាល និងជួយសង្គ្រោះជីវិត ចូរបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលមានសុខភាពល្អចូលរួមការបរិច្ចាគឈាមគឺជាអំពើល្អ ជាការចែករំលែកនូវសេចក្ដីស្រលាញ់ សេចក្ដីអាណិត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមដើម្បីព្យាបាល និងជួយសង្គ្រោះជីវិតក្នុងឧប្បត្តិហេតុអ្វីមួយ។ ឯកឧត្តមអំពាវនាវដូចនេះក្នុងទិវាបរិច្ចាគឈាមក្នុងបុណ្យទិវានៃក្ដីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ ក្រោមពាក្យស្លោក "ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ផ្តល់ជីវិតថ្មី" ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលផ្តល់ឈាមខេត្តក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមួយចំនួនបានយកថ្ងៃ១៤កុម្ភៈ "បុណ្យទិវានៃក្ដីស្រឡាញ់" ដើម្បីរំឭកដល់អ្នកមានគុណមនុស្សដែលខ្លួនឯងស្រឡាញ់ ហើយតែងតែផ្តល់អំណោយផ្សេងៗ ដើម្បីជាការតបស្នងសងគុណ។ ស្របពេលនឹងទិវានៃក្ដីស្រឡាញ់ថ្ងៃ១៤កុម្ភៈ មន្ទីរសុខាភិបាលខេត្តបានយកទិវានេះជាទិវាបរិច្ចាគឈាមវិញ ដើម្បីជាគុណប្រយោជន៍ក្នុងការជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមសង្គ្រោះជីវិត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យយុវជន សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋ ចូលរួមចែករំលែកនូវក្តីស្រឡាញ់ ដោយធ្វើបរិច្ចាគឈាមរបស់ពួកគាត់ដោយស្រឡាញ់ខ្លួនឯង និងក្តីស្រឡញ់ អាយុជីវិតអ្នកដទៃដែលត្រូវការឈាមជាបន្ទាន់ពិសេសស្ត្រីសម្រាលកូននិងអ្នកដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ ចូរយកថ្ងៃ១៤កុម្ភ:ជាអំពើល្អរបស់មនុស្សគ្រប់រូបពិសេសយុវជនចូលរួមចំណែកនៃក្តីស្រឡាញ់ដោយស្រឡាញ់ខ្លួនឯង ស្រឡាញ់អាយុជីវិត គ្រួសារ និងអ្នកត្រូវការឈាម។ យើងត្រូវការឈាមយ៉ាងច្រើនដើម្បីសង្គ្រោះជីវិតមនុស្សដែលជាមធ្យមក្នុងមួយថ្ងៃប្រមាណពី១០ទៅ១៥សាក់។

ឯកឧត្តមក៏បានអំពាវនាវដល់សប្បុរសជន ពិសេសយុវជនដែលមានសុខភាពល្អ ដែលមានបំណងស្ម័គ្រចិត្តចង់ធ្វើការបរិច្ចាគឈាម អាចមកកាន់មណ្ឌលបរិច្ចាគឈាមនៅមន្ទីរពទ្យខេត្ត ធ្វើការពិគ្រោះយោបល់ជាមួយអ្នកគ្រូ ឬលោកគ្រូពេទ្យជំនាញជារៀងរាល់ថ្ងៃ។ ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់បងប្អូននេះ ពិតជាមានតម្លៃណាស់ សម្រាប់អ្នកជំងឺដែលកំពុងខ្វះឈាម និងកំពុងរង់ចាំការជួយសង្គ្រោះពីបងប្អូនតាមរយៈការផ្ដល់ឈាម គឺជាការធ្វើអំពើល្អ ជាការចែករំលែកនូវសេចក្ដីស្រលាញ់ សេចក្ដីអាណិត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមដើម្បីព្យាបាល និងជួយសង្គ្រោះជីវិត។ ការផ្តល់ឈាមនាំឱ្យយើងមានសុខភាពល្អផងដែរ៕
ដោយ ឆាយ ម៉ុត





