ជម្រើសជាតិបេស្បលកម្ពុជា២នាក់ លេងឱ្យក្លឹបអាជីព លីគទី៣ នៅជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥–
កីឡាករជម្រើសជាតិបេស្បលកម្ពុជាឆ្នើមៗ២នាក់បានក្លាយជាកីឡាករដំបូងគេ ក្នុងការប្រកបអាជីពកីឡាបេស្បលនៅក្លឹប Saga Asia Dream ដែលជាក្លឹបអាជីព នៃលីគលំដាប់ទី៣ នៅប្រទេសជប៉ុន។

នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចុះអនុស្សរណៈយោគយល់ និងកុងត្រានាំយកកីឡាករបេស្បលជម្រើសជាតិកម្ពុជាឆ្នើមៗ២នាក់ លេងឱ្យក្លឹប Saga Asia Dream ដែលបានធ្វើឡើង នៅទីស្នាក់ការឡណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមវត្តមានលោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា និងលោក យូជី ហ្វូគូហារ៉ា ប្រធានក្លឹប Saga Asia Dreamនៃក្រុមហ៊ុន NEO ASIAN JAPAN។

លោក ឆែម ដារា គូសបញ្ជាក់ថា ពេលនេះ កីឡាករជម្រើសជាតិកម្ពុជាទទួលបានឱកាសដ៏ល្អ ក្នុងការប្រកបអាជីពនៅប្រទេសជប៉ុន ដែលនេះជាការវិវឌ្ឍថ្មីមួយទៀតរបស់វិស័យកីឡាបេស្បលកម្ពុជា។ តាមរយៈការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងកីឡាករ បានធ្វើឱ្យយើងទទួលបានសមិទ្ធផលជាផ្លែផ្កាជាជំហានៗ។ លោក ឆែម តារា ចាត់ទុកថា នេះជាប្រវត្តិសាស្ត្រដែលជម្រើសជាតិកម្ពុជា២នាក់បានក្លាយជាកីឡាករអាជីព ក្នុងការចូលរួមប្រកួតកម្រិតអាជីពទី៣ នៅប្រទេសជប៉ុន។

ប្រធានសហព័ន្ធរូបនេះដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយ:កិច្ចខិតខំប្រឹងប្រែងបន្តការអភិវឌ្ឍជំនាញកីឡាកម្ពុជា ដែលជា ប្រភេទកីឡាអូឡាំពិកមួយនេះ កម្ពុជានឹងអាចផលិតបានធនធានកីឡាករ កីឡាការិនីបេស្បលផ្សេងៗទៀត ទៅប្រកបអាជីពនៅបណ្តាប្រទេសផកសេងៗទៀត នាពេលខាងមុខផងដែរ។
ជាមួយគ្នានេះ កីឡាករ ឌៀប សុខនីម និងផុន នេត្រា បង្ហាញក្តីរីករាយជាខ្លាំង ដែលទទួលបានឱកាស ក្នុងការចេញទៅប្រកបអាជីពកីឡាបេស្បលនៅប្រទេសជប៉ុន ដែលនេះជាការសម្រេចក្តីស្រមៃរបស់ខ្លួន ដែលមានបំណងប្រាថ្នាតាំងពីក្មេងៗមកនោះ។
គួរបញ្ជាក់ថា កីឡាករកម្ពុជាទាំង២នាក់ ឌៀប សុខនីម និង ផុន នេត្រា ធ្លាប់មានបទពិសោធន៍ប្រកួតជាតិ និងអន្តរជាច្រើនក្នុងជំនាញកីឡាបេស្បលជាច្រើនឆ្នាំ ហើយទទួលបានឱកាសក្លាយជាកីឡាករឆ្នើមៗ ហើយថែមទាំងបានទៅដកពិសោធ និងអភិវឌ្ឍសមត្ថភាពបច្ចេកទេសជាមួយកីឡាករផ្សេងៗ ក្នុងក្លឹប Saga Asia Dream ទៀតផង៕
ដោយ ហេង ណាលីន





