ឯកឧត្តម ងិន សុវិមាន៖ សក្តានុពលរបស់ខេត្តមណ្ឌលគីរីមានច្រើន ជាពិសេសគឺធនធានធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានប្រមាណជាង៥០នាក់ មកពីជាង២០ស្ថាប័នផ្សេងគ្នា ដែលបានទៅបំពេញបេសកកម្មផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍នៅខេត្តមណ្ឌលគីរី ក្រោមការដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគីរី បានគូសបញ្ជាក់ថា សក្តានុពលរបស់ខេត្តមណ្ឌលគីរីមានច្រើន ជាពិសេសគឺធនធានធម្មជាតិ ក្នុងនោះមានដែនជម្រកសត្វព្រៃចំនួន៥កន្លែង ដែលវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ខណៈដែលខេត្តក៏មានផងដែរនូវធនធានរ៉ែក្នុងដីដូចជា រ៉ែមាស រ៉ែត្បូង រ៉ែបុកស៊ីត។ល។ ក្រៅពីនេះវិស័យទេសចរណ៍ក៏ជាសក្តានុពលដ៏សំខាន់របស់ខេត្តផងដែរ ដោយខេត្តមណ្ឌលគីរីមានតំបន់ទេសចរណ៍ចំនួន ១០៦កន្លែងរង់ចាំស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តសប្បាយ។

ឯកឧត្តម ងិន សុវិមាន បានគូសបញ្ជាក់ថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសូមឱ្យអ្នកមានៗមកធ្វើការវិនិយោគនៅខេត្តមណ្ឌលគីរីនោះ បច្ចុប្បន្ននេះឃើញថាមានការមកវិនិយោគជាបន្តបន្ទាប់ពីបណ្តាអ្នកមានធនធានក្នុងស្រុក ជាពិសេសការវិនិយោគទៅលើការដាំដំណាំកៅស៊ូខ្ទង់ម៉ឺនហិកតា ដែលបានចាយទុនវិនិយោគដ៏ធំ ហើយក្រៅពីនេះក៏មានអ្នកដែលកំពុងសិក្សាក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តមណ្ឌលគីរីនេះថែមទៀតផង ខណៈដែលខេត្តក៏ទទួលបានផងដែរនូវគម្រោងវិនិយោគបង្កើតជាតំបន់អេកូទេសចរណ៍នៅលើផ្ទៃដីក្រោម ១០ហិកតាចំនួន ១៥គម្រោង បន្ទាប់ពីខេត្តទទួលបានការវិនិយោគរួចហើយនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា។

ចំពោះវិស័យទេសចរណ៍នៅខេត្តមណ្ឌលគីរីនេះ ឯកឧត្តម ងិន សុវិមាន បានឱ្យដឹងថា ប្រសិនបើយើងធ្វើការប្រៀបធៀបទៅនឹងមុនសម័យកូវីដ-១៩ ពោលគឺមុនឆ្នាំ២០១៩ មកទល់នឹងឆ្នាំ២០២៤ កន្លងទៅ នេះឃើញថាមានការកើនឡើង ដោយកាលពីឆ្នាំ២០១៩ ខេត្តទទួលបានភ្ញៀវទេសចរប្រហែលជាជាង២០ម៉ឺននាក់ប៉ុណ្ណោះ តែបច្ចុប្បន្នបានកើនឡើងដល់ជាង៤០ម៉ឺននាក់ គឺកើនឡើងជាង ៧០ភាគរយឯណោះ នេះបើតាមស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី ដោយឯកឧត្តមអភិបាលរងខេត្តរូបនេះបានអះអាងថា ការណ៍ដែលខេត្តទទួលបានកំណើនភ្ញៀវទេសចរបែបនេះ គឺអាស្រ័យដោយខេត្តមានការ អភិវឌ្ឍនូវហេដ្ឋរចនាសម្ព័ន្ធមួយចំនួន ជាពិសេសការអភិវឌ្ឍនៅក្នុងក្រុងសែនមនោរម្យដែលជាបេះដូង របស់ខេត្តមណ្ឌលគីរីដូចជាការបំពាក់ភ្លើងបំភ្លឺ ឬភ្លើងលម្អនៅពេលយប់ ការអភិវឌ្ឍសួនច្បារ ការខិតខំ ក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីតំបន់ទេសចរណ៍នានារបស់ខេត្ត ក្នុងនោះគឺតំបន់ទេសចរណ៍ភ្នំ ណាំលៀកំពុងទាក់ទាញអ្នកទេសចរយ៉ាងខ្លាំង។

ឯកឧត្តមអភិបាលរងខេត្តបានថ្លែងថា ថ្នាក់ដឹកនាំខេត្តមណ្ឌលគីរីកំពុងខិតខំទាក់ទាញអ្នកវិនិយោគឱ្យ មកដាក់ទុនវិនិយោគទៅលើវិស័យទេសចរណ៍ រួមនិងវិស័យដទៃៗទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ ខេត្តនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលមានប្រជាជនប្រមាណជាង ១០ម៉ឺននាក់កំពុងរស់នៅមួយនេះឱ្យមានការរីកចម្រើន ស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំពីអ្នកបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕


ដោយ៖ ចាន់ សុភឿន





