រដ្ឋសភាថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ --
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញញត្តិថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះគម្រោងវាយ ប្រហារដោយជ្រួន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ដែលអំពើភេរវកម្មប៉ុនប៉ងធ្វើឃាតសម្តេចតេជោនិងក្រុមគ្រួសារ ជាទង្វើជ្រុលនិយម អគតិ គ្មានសាសនា គ្មានស្គាល់បាបបុណ្យ គុណទោស និងច្បាប់ទម្លាប់អ្វីទាល់តែសោះ។

គម្រោងទុច្ចរិតដែលជាអំពើភេរវកម្មនេះ ប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ ប្រឆាំងឱវាទសាសនា ជាពិសេស ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះអាយុជីវិតឥស្សរជនកំពូល របស់ជាតិដែលបានធ្វើពលិកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុប្រទេសជាតិនិងប្រជាជនតាំងពីដើមរហូត មក។
រដ្ឋសភាបានចាត់ទុក ក្រុមជ្រុលនិយមក្រៅច្បាប់ មិនគួរណាគ្រាន់តែដើម្បីចិញ្ចឹមមហិច្ឆតានយោបាយខ្មៅកខ្វក់របស់ខ្លួនក្នុងការ ដណ្តើមអំណាចដោយខុសច្បាប់ ពួកគេបានប្រព្រឹត្តទង្វើបាប គ្មានសីលធម៌បែបនេះឡើយ។ ម្យ៉ាងវិញទៀតទង្វើ ឃោរឃៅគ្មានសាសនានេះ បានសរបង្ហាញឱ្យឃើញពីការប្រកាន់នូវវប្បធម៌ហិង្សារបស់ក្រុមជ្រុលនិយម និង សរបញ្ជាក់ឱ្យឃើញនូវសន្តានរបស់ពួកគេ ដែលចេះតែសាបព្រោះវប្បធម៌ហិង្សា ការគុំគួន ដែលជាគ្រោះធំបំផុត សម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ ធ្វើឱ្យមានការបែកបាក់ជាតិ និងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ឡើងវិញបាននៅគ្រប់ពេលវេលា។
រដ្ឋសភាប្តេជ្ញាគោរពនិងការពារសុខសន្តិភាព ស្ថិរភាពសង្គម មិនបណ្តោយឱ្យប្រទេសជាតិធ្លាក់នៅក្នុងភ្លើង សង្គ្រាមម្តងទៀតវិញនោះឡើយ។ ជាមួយគ្នានេះ ក្នុងនាមតំណាងពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា យើងខ្ញុំក៏សូមប្រកាសពីការដឹងគុណនិងការពារជានិច្ចចំពោះពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។
ជាមួយគ្នានោះដែររដ្ឋសភាសូមអំពាវនាវដល់ពលរដ្ឋនៅក្នុងនិងក្រៅប្រទេស ថ្កោលទោសចំពោះទង្វើភេរវកម្មនេះ និងសូម បងប្អូនសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច រាយការណ៍ពីព័ត៌មានទាំងឡាយណា ដែលទាក់ទងនឹងក្រុម ជ្រុលនិយមនេះ ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្តន្ទាទោស ដល់សកម្មភាពដែលពួកគេបានបង្កើតឡើងម្តង ជាពីរដងនេះជាកំហិត កុំឱ្យក្រុមគ្មានសាសនានេះ អាចបំផ្លាញការអភិវឌ្ឍរបស់សង្គមជាតិ បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិនិងសកលលោក បានឱ្យសោះ៕
ដោយ៖ ប៊ុនរិទ្





