មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ចុះពិនិត្យសកម្មភាពការដាំដំណាំត្រសក់ទ្រើងរបស់សហគមន៍កសិកម្មស្រុកថ្ពង
AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញផ្នែកដំណាំបន្លែនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះគាំទ្រ ក្នុងខ្សែច្រវាក់តម្លៃបន្លែរបស់ផលិតករវ័យក្មេង គឺអ្នកស្រី ភឿន ស្រីនួន ដែលជាសមាសភាពថ្នាក់ដឹកនាំសហគមន៍កសិកម្មស្រ្តីប្រាំបីមុម ស្ថិតនៅភូមិត្រាញ់វែង ឃុំប្រាំបីមុម ស្រុកថ្ពង។
កសិករឆ្នើមរូបនេះ បានកំពុងធ្វើការដាំដុះដំណាំត្រសក់ទ្រើង វិលជុំ ដោយប្រើប្រាស់បច្ចេកទេសទំនើបធន់នឹងការប្រែប្រួលអាកាសធាតុ រួមទាំងបច្ចេកទេសសមស្របនានាក្នុងផលិតកម្មដំណាំបន្លែរបស់ខ្លួន។


លោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ប្រភពទឹកនៃការស្រោចស្រពក្នុងផលិតកម្មដំណាំត្រសក់ទ្រើងនេះ គឺទាញចេញពីទំនប់អន្លង់ជ្រៃ ដែលអាចផ្តល់ទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពពេញមួយឆ្នាំ។
លោកបានបញ្ជាក់ថា អ្នកស្រី ភឿន ស្រីនួន ក្នុង១ថ្ងៃ អាចប្រមូលផលត្រសក់ទ្រើងបានចន្លោះ ៨-១០តោន និងលក់បោះដុំនៅផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញ ក្នុងតម្លៃនាពេលបច្ចុប្បន្ន ចន្លោះ ១៨០០-២០០០រៀលក្នុង១គីឡូក្រាម។


ក្នុងឱកាសនោះ លោកបានកោតសរសើរដល់គណៈកម្មការសហគមន៍ និងគាំទ្រលើកទឹកចិត្តដល់សមាជិកសហគមន៍ទាំងអស់ ឱ្យខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ចគ្រួសារផង លើកកម្ពស់ផលិតកម្មក្នុងស្រុករបស់យើងផងនិងប្រើប្រាស់ពេលវេលាធនធានទាំងសម្ភារ កម្លាំងពលកម្មដែលយើងមាន ចៀសជាងចំណាកស្រុកទៅធ្វើការនៅក្រៅសហគមន៍៕
ដោយ លឹម សាន្ត





