ស្រុកទឹកឈូដាំដំណាំមួយប្រភេទដែលផ្លែ១គីឡូក្រាមលក់តម្លៃជាង១ពាន់ដុល្លារអាមេរិក
AKP កំពត ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-- អ្នកជំនាញបានបញ្ជាក់ថាខេត្តកំពតល្បីដំណាំទុរេន និងម្រេចខ្លាំងជាងគេ ដែលម្រេច១គីឡូក្រាមតម្លៃចម្លោះពី១៥ទៅ៣០ដុល្លារ ប៉ុន្តែឥឡូវ រុក្ខជាតិប្រភេទវល្លិ៍ម្យ៉ាងដែលកម្រនឹងដាំដុះនៅប្រទេសមួយចំនួន ក៏ដូចជាបណ្តាខេត្តរបស់កម្ពុជានោះ បាន និងកំពុងលូតលាស់ និងផ្តល់ទិន្នផលល្អ គុណភាពខ្ពស់នៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត ដែលផ្លៃ១គីឡូក្រាម អាចលក់ក្នុងតម្លៃជាង១ពាន់ដុល្លារអាមេរិក។


លោក សរ វិចិត្រ បុគ្គលិកក្រុមហ៊ុន ហ្វាម លីង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥នេះថា វ៉ាន់នីឡា (Vanilla) រុក្ខជាតិដាំដុះបានដោយកម្រ ហើយជាដំណាំមួយប្លែកនៅកម្ពុជា។ ដាំណាំនេះទាមទារភូមិសាស្ត្រ និងអាកាសធាតុអំណោយផលទើបផ្តល់ផលបានល្អដែរ។ ប៉ុន្តែឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ជាង១០ឆ្នាំមកនេះ លោកអាចនិយាយបានថា ក្រុមហ៊ុនដាំវ៉ាន់នីឡាទទួលបានជោគជ័យក្នុងចម្ការនៅស្រុកទឹកឈូនេះ។ វ៉ាន់នីឡាដាំនៅស្រុកទឹកឈូ ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អហើយអាចលក់បានតម្លៃជាង១ពាន់ដុល្លារក្នុង១គីឡូក្រាម ឯណោះ។ ផ្លែវ៉ាន់នីឡាមានតម្លៃដោយសារវាពិបាកថែទាំ និងប្រមូលផល (ពីចេញផ្ការហូតដល់បានផ្លែលក់ប្រើរយៈពេលមួយឆ្នាំពេញ)។

តាមការបញ្ជាក់ ផ្លែវ៉ាន់នីឡាគេអាចយកទៅធ្វើជាសូកូឡា ការ៉េម ចម្រាញ់យកប្រេងធ្វើជាទឹកអប់ អាចប្រើជាគ្រឿផ្សំធ្វើនំខួបកំណើតជាដើម។ វ៉ាន់នីឡាជំនួយដល់សុខភាព និងផ្តល់ជាតិប្រតេអ៊ីនខ្ពស់។

ក្នុងដំណើរទស្សកិច្ចសិក្សាស្វែងយល់នៅចម្ការវ៉ាន់នីឡានៅព្រឹកនេះដែរ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បាន និងកំពុងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យរៀបចំជាកន្លែងទទួលភ្ញៀវទេសចរ ដើម្បីឱ្យពួកគេបានសិក្សាអំពីរបៀបដាំ ថែទាំ និងប្រមូលផល ក៏ដូចជាដើរកម្សាន្តនៅទីតាំងចម្ការផ្ទាល់ ដូចចម្ការម្រេចដែរ។ ពិសេសលោកស្នើសូមឱ្យក្រុមហ៊ុនបើកចិត្តទូលាយ ជួយបង្ហាត់បង្ហាញបច្ចេកទេស ដល់បងប្អូនប្រជាពលរដ្ឋណាដែលមានបំណងចង់ដាំដំណាំវ៉ាន់នីឡានេះផង ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋាន៕
ដោយ ប្រាក់ លាង





