មន្រ្តីក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យការងារអន្តរាគមន៍ទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥--
លោក ហៀង ម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយក្រុមកាងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាទំនប់នានា និងការងារអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លោក ហៀង ម៉េង បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនដល់ប្រជាពលរដ្ឋដែលប្រឈមនឹងបញ្ហាទឹកស្រូវប្រាំង ហើយត្រូវដោះស្រាយដល់កសិករយើងអាចមានលទ្ធភាពគ្រប់គ្រាន់ និងទាន់ពេលវេលា។

ជាមួយគ្នានោះដែរ លោក ហៀង ម៉េង បានរម្លឹកដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺត្រូវយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រោះស្រូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ព្រមទាំងផ្តល់ការណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក ឱ្យមានលក្ខណៈសន្សំសំចៃខ្ពស់។ ពិសេសអាជ្ញាធរមូលដ្ឋានត្រូវចូលរួមលើការងារថែទាំ និងគ្រប់គ្រងប្រព័ន្ធធារាសាស្ត្ដើដេម្បីឲ្យមាននិរន្តរភាព បានយូរអង្វែង។

សូមជម្រាបថា ផែនការស្រូវប្រាំងឆ្នាំ២០២៤-២០២៥ នៅតាមទំនប់អាងទឹក ដូចជា ទំនប់ថ្មពូក ក្នុងស្រុកសំរោងទង ទំនប់ខ្ពបក្រួស ក្នុងឃុំព្រះខែ ស្រុកបសេដ្ឋ និងទំនប់តានួន ទំនប់តាដែង និងទំនប់អូរក្បៀរ ក្នុងស្រុកបសេដ្ឋ មានចំនួន ៥០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ គិតមកដល់ពេលនេះមានចំនួនប្រមាណ៥៣០ហិកតា។ មកដល់ពេលនេះស្រែប្រាំងដែលប្រជាកសិករអនុវត្តបានកន្លងមក មិនមានបញ្ហាខ្វះខាតទឹកនោះទេ ហើយគ្រប់អាងទឹកមានទឹកគ្រប់គ្រាន់ សម្រាប់ធ្វើការស្រោចស្រពលើផ្ទៃដីស្រែប្រាំង និងប្រើប្រាស់ប្រចាំថ្ងៃ មិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ៕
ដោយ លឹម សាន្ត





