អង្គការ WWF ប្រទះឃើញសំបុកសត្វស្លាបសំខាន់ៗក្នុងខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥-- អង្គការ WWF សហការជាមួយសមាជិកសហគមន៍ មកពីភូមិចំនួន៧ ក្នុងខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះ បានស្វែងរកទីតាំងសំបុកនៃប្រភេទសត្វស្លាបសំខាន់ៗកាលពីសប្តាហ៍មុន ដោយប្រទះឃើញសំបុកសត្វត្រយងចង្កំក-ស ចំនួន១២ សំបុកសត្វត្រដក់តូចចំនួន៥ និងសំបុកសត្វត្មាតភ្លើង ចំនួន១។

មន្រ្តី អង្គការ WWF បានឱ្យដឹងនៅល្ងាចថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥ថា ក្រុមការងាររបស់អង្គការ WWF បានចុះបេសកកម្មរយៈពេល៤ថ្ងៃ ដោយទទួលបាននូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ គឺបានរកឃើញសំបុកសត្វត្រយងចង្កំក-សចំនួន១២ សំបុកសត្វត្រដក់តូចចំនួន៥ និងសំបុកសត្វត្មាតភ្លើង ចំនួន១ ហើយ ព័ត៌មានកាន់តែអស្ចារ្យថែមទៀតនោះគឺ ក្រុមការងាររបស់យើងបានប្រទះឃើញកូនសត្វត្រយងចង្កំក-ស ៨ក្បាល និងកូនសត្វត្រដក់តូចៗ៥ក្បាលផងដែរ ដែលកំពុងហោះហើរចេញពីសំបុករបស់ពួកវា។

តាមរយៈលទ្ធផលនេះ បានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ចំពោះកិច្ចការអភិរក្ស ដោយសារយើងអាចប្រមូលទិន្នន័យសំខាន់ៗសម្រាប់ការយល់ដឹងឱ្យបានច្បាស់ និងពីរបៀបដែលយើងអាចធ្វើសកម្មភាពការពារសត្វស្លាបដែលងាយរងគ្រោះទាំងនេះឱ្យចៀសផុតពីហានិភ័យបានយ៉ាងល្អបំផុត៕

ដោយ ណយ នឿន (ប្រភព៖ WWF)





