រកឃើញកូនផ្សោតកើតថ្មី១ក្បាលទៀតនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាកូនផ្សោតទើបកើតថ្មីមួយក្បាលមានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF វេលាម៉ោង៣៖២០នាទីរសៀល កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្រសួងកសិកម្មបានឱ្យដឹងដែរថា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៣ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ និងបានថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។

ក្រសួងកសិកម្មបានអំពាវនាវដល់ប្រជានេសាទដែលបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរសព្ទ៖ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤ ៤ និង ០១៧ ៨១៨ ៣៨២៕

ដោយ៖ ដេប៉ូ





