ការលើកកម្ពស់វិស័យទេសចរណ៍នៅតាមសហគមន៍ជាផ្នែកមួយសំខាន់សម្រាប់ជួយលើកកម្ពស់ជីវភាពគ្រួសារប្រជាពលរដ្ឋ
AKP កំពត ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥--
លោក ស៊ឹម ហីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥នេះថា លោក និងប្រជាសហគមន៍សប្បាយចិត្តយ៉ាងខ្លាំងដោយសារ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការសហការសម្របសម្រួលពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់កាដូជាផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផលជំរុញវិស័យទេសចរណ៍ជាច្រើនទៀត។

លោកបានបន្តថាគម្រោងមួយនេះនឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះវាជាដើមទុនមិនចេះរីងស្ងួត សម្រាប់ឲ្យប្រជានេសាទអាចបង្កើតមុខរបរបន្ថែម ដើម្បីមានប្រាក់ចំណូលប្រចាំថ្ងៃ។ ពិសេសជាងនេះ សហគមន៍បានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានគម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ កាន់តែទាក់ទាញជាងមុន និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។

ភ្ញៀវទេសចរមកពីខេត្តតាកែវ កញ្ញា លី កញ្ញា បានបង្ហាញការយល់ឃើញថា សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ជាកន្លែងដែលទាក់ទាញស្រាប់ បើមានការជួយឧត្តម្ភគាំទ្រពីរាជរដ្ឋាភិបាលបែបនេះទៀត វាកាន់តែល្ពប្រសើរ។ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះពិសេសខ្លាំង ព្រោះពលរដ្ឋគ្រប់ទីកន្លែង មិនថាតំបន់ជនដាច់ស្រយាល ក៏បាន និងកំពុងទទួលនូវសមិទ្ធផលនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលអាចឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

តាមការបញ្ជាក់ សហគមន៍នេសាទត្រពាំងសង្កែមានតួនាសំខាន់ក្នុងការអភិរក្សធនធានសមុទ្រ ពិសេសដើមកោងកាង និងបានដាំបន្ថែមគិតរហូតមកល់បច្ចុប្បន្ន បានចំនួនជាង៣០ម៉ឺនដើម ហើយជាគោលការណ៍ សហគមន៍នឹងពង្រីកដីដាំដើមកោងកាងឱ្យបាន២១ហិកតាបន្ថែមទៀត ខណៈដែលបែចិញ្ចឹមត្រីនៅឆ្នាំ២០២៥នេះ ត្រូវពង្រីងឱ្យបានប្រមាណ៣០០បែ៕
ដោយ ប្រាក់ លាង





