ឯកឧត្តម ឃួង ស្រេង៖ ផ្លូវថ្មើរជើងក្នុងសប្ដាហ៍ទីពីរ មានភ្ញៀវជាតិ-អន្តរជាតិចូលមកកម្សាន្ដច្រើនឡើងទ្វេដង
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់ឯកឧត្តម ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងទ្វេដងជាងសប្តាហ៍មុនទៅទៀត។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម និងលោកជំទាវអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមបានបញ្ជាក់ថា ការដាក់ដំណើរការផ្លូវថ្មើរជើងបានចាប់ផ្តើមតាំងពីថ្ងៃទី០១ កុម្ភៈមកម្ល៉េះ តែមនុស្សម្នាចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់ឯកឧត្តម ប្រជាពលរដ្ឋបន្តកើនឡើងទ្វេដងជាងសប្តាហ៍មុន។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃប្រជាពលរដ្ឋពេញចិត្តមកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ នឹងសង្ឃឹមថាដំណើរការសាកល្បងនេះនឹងទទួលបានជោគជ័យ ហើយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដេីម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ។ ការរៀបចំក្នុងដំណាក់កាលសាកល្បងនេះនៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរផងដែរ។ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លើគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមបានមានប្រសាសន៍ថា ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយើងដាក់កម្លាំងយ៉ាងច្រើន ដើម្បីធ្វើការងារនេះជូនពួកគាត់ កុំឱ្យមានឧបទវហេតុអ្វីកើតឡើងលើបញ្ហាសន្តិសុខ។ ដោយឡែកបញ្ហាចំណតរថយន្ត និងទោចក្រក្រយានយន្តវិញ ឯកឧត្តម ចង្អុលបង្ហាញឱ្យអ្នកប្រើរថយន្ត អាចផ្ញើលើទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញមិនទាន់អាចរកទីតាំងរៀបចំបាននៅឡើយ ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។
ជាងនេះទៅទៀត ឯកឧត្តម ឃួង ស្រេង បានយកចិត្តទុកដាក់លើបញ្ហាការថយចុះភ្ញៀវចូលទទួលទានអាហារ នៅតាមភោជនីយដ្ឋាន ដែលស្ថិតលើផ្លូវថ្មើរជើងនេះដោយ ឯកឧត្តមបានពិនិត្យដោយផ្ទាល់ និងបានជួបចំណេះសំណាល ជាមួយអ្នកលក់ចំណីអាហារ តែម្តង ដោយកាលពីសប្តាហ៍ដំបូង បានធ្លាក់ចុះ តែសម្រាប់សប្តាហ៍ទី២នេះវិញ បានកើនឡើង រហូតលក់អស់លឿនជាងធម្មតាទៅទៀត។ ចំពោះខ្សែរត់ទាំងអស់របស់រថយន្ត ក្រុងនៅគ្រប់ផ្លូវដែលកំពុងប្រតិបត្តិការត្រូវរត់កន្លែងមានប្រជាជនច្រើន តំបន់មានរោងចក្រ និងតំបន់ផ្សេងៗទៀតរត់បុកមកខាងដើមនិងខាងចុងអាចមកកំសាន្តនៅផ្លូវព្រះស៊ីសុវត្ថិជាផ្លូវថ្មើរជើង ហើយបន្ថែមម៉ោងពី៩ដល់ ម៉ោង១១យប់ដើម្បីដឹកជញ្ជូនបងប្អូនទៅកន្លែងដើមវិញ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជាមួយភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញ និងលក់ដូរ។ ជាងនេះទៅទៀតក៏មានរៀបចំឱ្យបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ។ ដោយឡែកផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដេីម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូររូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរ។
ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលបានថ្លែងកោតសរសើរប្រជាលរដ្ឋដែលកម្សាន្តតាមផ្លូវថ្មើរជើងទាំងពីរសប្ដាហ៍នេះល្អណាស់បញ្ហាបរិស្ថានពួកគាត់ជាប្រជាជនស៊ីវិល័យគាត់ទុកដាក់សំរាមបានល្អមិនបោះចោលសំរាមទេគាត់នាំគ្នាកាន់សំរាមយកទៅដាក់ធុងដែលយើងរៀបចំឱ្យគាត់ដូច្នេះយើងអាចនិយាយបានថាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសព្វថ្ងៃមានភាពស៊ីវិល័យក្នុងការរស់នៅនិងដឹងពីសុខុមាលភាពរបស់គាត់គ្រប់គ្នានិយាយដោយឡែកក៏ដូចពលរដ្ឋកម្ពុជាទាំងអស់ផងដែរ៕
ដោយ សួស សំរិត





