ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់កងទ័ព
AKP ព្រះវិហារ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់កងទ័ព កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសនាធិការរង នាយការិយាល័យគ្រប់ផ្នែក នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។

លោកអនុសេនីយ៍ឯក លីវ ស៊ីនឿន នាយផ្នែកវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ៧ បានឱ្យដឹងថា ពិធីបញ្ចុះបឋមសិលានាពេលនេះ គឺធ្វើឡើងដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សាងសង់អគារស្នាក់នៅ១ខ្នង របស់កងទ័ព មានទំហំ ៣០ម៉ែត្រ × ៤០ម៉ែត្រ កម្ពស់២ជាន់ រយៈពេលនៃការសាងសង់គឺ១ឆ្នាំកន្លះ។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយ និងពលទាហាន ដែលមានជំនាញក្នុងការសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសសំណង់ និងពន្លឿនការសាងសង់ ឱ្យបានលឿនដើម្បីបានប្រើប្រាស់។ ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កន្លងមកបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍអង្គភាព ដូចជាការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញក្នុងទីបញ្ជាការ សាងសង់អគារថ្មីៗជាច្រើន ក្នុងអង្គភាពដូចជា ឃ្លាំងសម្រាប់ដាក់សម្ភារ អគារធ្វើការ សាលប្រជុំចាស់ សាលប្រជុំថ្មី ឃ្លាំងដាក់អាវុធ អគារស្នាក់នៅ និងអាគារមួយចំនួនទៀត៕



ដោយ ទិត ស្រ៊





