កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុង/ស្រុក មន្ត្រីប្រចាំការ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ២២៥នាក់។

កិច្ចប្រជុំបានស្តាប់នូវរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ទ្រី វ៉ាន់ឌី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលបានគូសបញ្ជាក់ពីសមិទ្ធផល និងវឌ្ឍនភាពការងាររបស់សាខា ដែលបាន និងកំពុងបំពេញការងារមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ រួមមាន៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ។ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍។ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។ ៤. ការអភិវឌ្ឍស្ថាប័ន។

លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាទាំងអស់ ដែលបានបំពេញការងារដូចភ្លៀងរលឹមក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលជាប្រតិបត្តិករមនុស្សធម៌ ជាកម្លាំងឈានមុខក្នុងការបំពេញការងារនាពេលកន្លងមក ស្របតាមទិសស្លោក «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។
កិច្ចប្រជុំខាងលើនេះក៏បានពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗវិភាគលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលធ្លាប់ជួបប្រទះនាពេលកន្លងមក។

លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងបូកសរុបនូវកិច្ចប្រជុំដោយទទួលបានលទ្ធផល៖ ១. ក្ដាប់បានកម្រិតនៃការអភិវឌ្ឍយុវជនតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តតាមភូមិឃុំ។ ២. កំណត់ជាចំណុចគោលសម្រាប់ការបន្តអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តក្នុងបរិបទបរិវត្តកម្មឌីជីថល និងស្របតាមវឌ្ឍនភាពរាជរដ្ឋាភិបាលឌីជីថល។ ៣. សាខានឹងមានសូចនាករ និងផែនការមួយ ដែលវាស់វែងបានជំហានអភិវឌ្ឍការងារយុវជន និងអ្នកស្ម័គ្រចិត្ត ចាប់ពីឆ្នាំ២០២៥ នេះរៀងទៅ។ ៤. កំណត់បានអាទិភាពការងារដែលយុវជន និងអ្នកស្ម័គ្រចិត្តបុរេសកម្មអនុវត្ត៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





