ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកា និងប្រេងឥន្ធនៈជូនកងកម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយលេខ៧១១ កងពលតូចលេខ៧០
AKP កំពង់ធំ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយលេខ ៧១១ អង្គភាពកងពលតូចលេខ៧០នៃបញ្ជាការដ្ឋានកងទ័ពជើងគោកដែលបានបំពេញភារកិច្ចក្នុងការបាញ់ថ្នាំសម្លាប់សត្វមូសនៅក្នុងក្រុងស្ទឹងសែន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រកបដោយ ជោគជ័យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះក្រុមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ អង្គភាព៧១១ នៃកងពលតូចលេខ៧០ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេល៣យប់ ៣ថ្ងៃ ក្នុងការបាញ់ថ្នាំសម្លាប់សត្វមូសនៅក្នុងភូមិចំនួន៣៩ ស្ថិតនៅក្នុងសង្កាត់ចំនួន៨ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរួចរាល់ជាស្ថាពរធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំមានសេចក្តីសប្បាយរីករាយអបអរសាទរចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកដែលបានចាត់តាំងក្រុមការងារមកបាញ់ថ្នាំសម្លាប់សត្វមូស ដែលកំពុងរាតត្បាតនៅក្នុងឱកាសនេះ ដើម្បីសុខុមាលភាពរបស់ប្រជាជន។

នៅ ក្នុង ឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន បានប្រគល់ថវិកាចំនួន២លានរៀល និងប្រេងសាំងចំនួន៥០០លីត្រ ជូនដល់កម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយកងពលតូចលេខ៧០ ដើម្បីដោះស្រាយសេចក្តីត្រូវការ និងជាការលើកទឹកចិត្ត ជូនបងប្អូនដែលបានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើ បានប្រគល់ជូន។

ឧត្តមសេនីយ៍ត្រី ជឹម សិរីវុឌ្ឍី នាយសេនាធិការរងកងពលតូចលេខ៧០និងជាមេបញ្ជាការដឹកនាំក្រុមបច្ចេកទេសបាញ់ថ្នាំសម្លាប់សត្វមូស នៅខេត្តកំពង់ធំបានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ក៏ដូចជាបានសម្របសម្រួលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការបំពេញភារកិច្ចបានល្អ និងសូមគោរពជូនពរឯកឧត្តមអភិបាលខេត្ត ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





