ឯកឧត្តម តូច ប៊ុនហួរ ចុះពិនិត្យស្ថានភាពខ្វះទឹកនៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំង នៅស្រុកព្រៃកប្បាស ខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ន
កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងដែលប្រឈមនឹងបញ្ហាខ្វះទឹក នៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបន្ទាប់ពីការពិនិត្យ ក្រុមការងារបានវាយតម្លៃថា ស្រូវអាចនឹងជួបបញ្ហាខ្វះទឹកនៅរយៈពេលពី១៥ ទៅ២០ថ្ងៃទៀត ហើយផលប៉ះពាល់មានចន្លោះពី១០ ទៅ១៥ភាគរយនៃទិន្នផលស្រូវ ដោយសារស្រូវភាគច្រើនមានអាយុកាល៧០ថ្ងៃ វានឹងមិនមានបញ្ហាប្រឈមខូចខាតទាំងស្រុងនោះទេ។

តាមការបញ្ជាក់ពីប្រជាកសិករឱ្យដឹងថា នៅឃុំអង្គកែវ គឺពុំមានប្រភពទឹកផ្សេងក្រៅពីបឹងភូមិជីច្រាប បច្ចុប្បន្នទឹកបឹងបានបូមរីងអស់ហើយ ដោយប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅជុំវិញនោះ (ក្នុងឃុំផែនការធ្វើស្រូវប្រាំង១០០ហិកតា អនុវត្តបាន៤០០ហិកតា លើស៣ដងនៃផែនការ)។ ទឹកដែលនៅសល់សម្រាប់ស្រោចស្រពគឺនៅតាមថ្លុក តាមស្រះ និងប្រឡាយ ដែលប្រជាពលរដ្ឋបានជីករៀងៗខ្លួននៅក្បែរស្រែរបស់គាត់ ហើយថាស្រូវដែលប្រឈមខ្វះខាតទឹកមានតិចតួច ដោយ សារស្រូវវាដល់ដំណាក់កាលឱនដាក់គ្រាប់ និងខ្លះក៏ទុំហើយដែរ។ ប៉ុន្តែមានបញ្ហាប្រឈមមួយទៀត គឺសត្វកណ្ដុរបំផ្លាញលើដំណាំស្រូវធ្វើមុន និងស្រូវដែលកំពុងទុំ។

ចេញពីស្រុកទ្រាំង ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងក្រុមការងារ បានបន្តដំណើរទៅពិនិត្យមើលការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ដែលប្រជាពលរដ្ឋកំពុងមមាញឹកច្រូតកាត់ ហើយក៏មានឈ្មួញចុះប្រមូលទិញដល់ស្រែក្នុងតម្លៃចន្លោះពី៧៧០រៀល ទៅ៨៥០រៀលក្នុងមួយគីឡូក្រាម។ ជារួមការប្រមូលផលស្រូវនៅក្នុងខេត្តតាកែវទើបតែបានប្រមាណ១៤ភាគរយប៉ុណ្ណោះ ព្រោះស្រូវអាចទុំច្រើននៅចុងខែកុម្ភ: និងខែមីនាខាងមុខនេះ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដែលកសិករនឹងទទួលបានមានដូចជា ការប្រើប្រាស់ពូជសុទ្ធរបស់ខ្មែរ ទទួលបានទុនជាប្រាក់កម្ចីពីធនាគារ មានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្មតិចជាងមុន មានតម្លៃល្អតាមរយ:កសិកម្មតាមកិច្ចសន្យា និងអនុវត្តតាមផែនការផលិតកម្មជាដើម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





