រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងកសិករ នៅស្រុកខ្សាច់កណ្តាល
AKP កណ្ដាល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល និងអាជ្ញាធរស្រុកខ្សាច់កណ្តាល បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានឱ្យដឹងថា ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៩៥ ហិកតា ក្នុងភូមិចំនួន៥ នៃឃុំរកាជន្លឹង និងប្រមាណ ១៧៤ ហិកតា ក្នុងភូមិចំនួន៣ នៃឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព ខណៈដែលប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម បញ្ជូនមកដើម្បីស្រោចស្រពបានប្រមាណ ២៥០ ហិកតាប៉ុណ្ណោះ ដោយសារផ្ទៃដីទាំងនេះស្ថិតនៅក្រៅតំបន់ស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ក្រុមការងារ ដើម្បីបើកទឹកពីប្រព័ន្ធព្រែកពោធិរយៈពេលបីថ្ងៃបន្ថែមទៀត ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណ ៦៦៩ហិកតា ក្នុងឃុំទាំងពីរនេះ ព្រមទាំងសំណូមដល់ប្រជាកសិករឱ្យរង់ចាំរហូតដល់ទឹកពេញប្រឡាយសិន ចាំនាំគ្នាបូមបញ្ចូលស្រែ ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





