សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល និងអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥–នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបជុំសំណេះ សំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។ ពិធីដ៏មានអត្ថន័យនោះ មានការចូលរួមពីសមាជិក សមាជិកាអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៣ពាន់នាក់។


ឯកឧត្តម គឹម សន្តិភាព មានប្រសាសន៍ថា ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង ៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស ពេលនេះ កើនដល់ជាង ១៦ម៉ឺននាក់ លើប្រទេសចំនួន ២០។ គោលដៅចម្បងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គឺឈរលើឆន្ទៈ និងមនសិការក្នុងការចេញទៅផ្សព្វផ្សាយការពិត និងសមិទ្ធផលរបស់កម្ពុជាជូនដល់បងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ហើយចាត់ទុកក្រុមការងារ និងសមាជិកទាំងអស់ជាក្រុមគ្រួសារតែមួយ ដោយជួយគ្នាក្នុងគ្រាលំបាក និងមានតម្រូវការផ្សេងៗ។



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បានពុះពារនូវរាល់ការលំបាក់គ្រប់បែបយ៉ាង ក្នុងការធ្វើទំនាក់ទំនងប្រកបដោយស្មារតីគោរពស្រឡាញ់ ចំពោះជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស បើទោះបីជាមានការរំខានពីក្រុមជ្រុលនិយមមាននិន្នាការនយោបាយប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនាពេលនោះ។ សម្តេចមហាបវរធិបតីមានប្រសាសន៍លើកឡើងដែរថា សម្តេចផ្ទាល់និងក្រុមការងារទាំងអស់ មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ក្នុងការកសាងអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ពិសេសការម៉ាក់ងាយពីក្រុមជ្រុលនិយមមួយចំនួន។ សម្តេចក៏បានសំដែងនូវមោទនភាពក្នុងការកសាងកម្លាំង របស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ដែលរហូតមកដល់ពេលនេះ មានការកើនឡើងរហូតដល់ជាង១៥ម៉ឺននាក់។ ជាមួយនិងការលើកឡើងនោះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ របស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយសម្របសម្រួលនិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស ជួបការលំបាក ពិសេសទាក់ទិនទៅនិងបែបបទផ្នែកច្បាប់មួយចំនួន ដែលទាក់ទិនទៅនិងការធ្វើដំណើរ និងការស្នាក់របស់ជនរួមជាតិយើង។ បន្ទាប់មកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញថតរូបជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ដែលមានវត្តមានជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ក្នុងបរិយាកាសស្និទ្ធស្នាលរីករាយរាក់ទាក់បំផុត៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី និង យឹម សុវឌ្ឍនា





