បឹងទន្លេសាបជាតំបន់ដីសើមមានសក្ដានុពលដល់ជីវចម្រុះដ៏សំខាន់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- NatureLife សូមណែនាំពីតំបន់ដីសើមមួយទៀតក្នុងតំបន់បឹងទន្លេសាប ដែលមានសក្ដានុពលដល់ជីវចម្រុះដ៏សំខាន់ តែគ្រប់គ្នាតែងមើលរំលងនោះគឺ បឹងទន្លេឆ្មារ។ ការណែនាំនេះបានធ្វើឡើងនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥។

តំបន់ដីសើមបឹងទន្លេឆ្មារ បានផ្ដល់ជាកន្លែងរកចំណីរបស់សត្វស្លាបរាប់ម៉ឺនក្បាលជារៀងរាល់ឆ្នាំ ហើយក៏ជាទីជម្រកដល់ប្រភេទសត្វជិតផុតពូជជាច្រើនប្រភេទ រួមទាំងខ្លាត្រី ត្រីគល់រាំង ត្រីរាជ និងក្រពើត្រីជាដើម។ បឹងទន្លេឆ្មារមានទីតាំងស្ថិតនៅភាគឦសាននៃ បឹងទន្លេសាប ដែលគ្រប់ដណ្ដប់ដោយផ្ទៃទឹក ខ្សែទឹកតូចៗ ព្រៃលិចទឹកទាបៗ ជាមួយនឹងវាលស្មៅ។ នៅចំកណ្ដាលនៃតំបន់ដីសើមនេះ មានបឹងដ៏ធំមួយឈ្មោះ បឹងឆ្មារ ដែលមានផ្ទៃទឹកធំអមទៅដោយព្រៃលិចទឹកទាប ហើយភ្ជាប់ទៅបឹងទន្លេសាបតាមខ្សែព្រែកតូចៗ។ ក្នុងខែវស្សា បឹងឆ្មារប្រែក្លាយខ្លួនជាផ្នែកមួយនៃផ្ទៃបឹងទន្លេសាប ដែលជាទីជម្រកដ៏សមស្របដល់មច្ឆាជាតិ និងជីវចម្រុះសំខាន់ៗ។

បឹងទន្លេឆ្មារទទួលរបបទឹកពីប្រភពស្ទឹងពីរ គឺស្ទឹងស្ទោង និងស្ទឹងជីក្រែង ដែលបានផ្ដល់លក្ខណៈជីវសាស្រ្ដល្អសម្រាប់ការបន្ដពូជ និងរស់នៅដល់រុក្ខជាតិទឹក ត្រី ថនិកសត្វ ល្មូន និងសត្វស្លាបទឹកជាដើម។ ជារៀងរាល់ឆ្នាំ បឹងទន្លេឆ្មារ ទទួលវត្ដមានសត្វស្លាបរាប់ម៉ឺនក្បាលមករកចំណី និងជាជម្រកដល់ប្រភេទសត្វកម្រជាច្រើនទៀតដូចជា ត្រីគល់រាំង ត្រីរាជ ខ្លាត្រី ភេរខ្លួនរលោង ភេររោមច្រមុះ និងក្រពើត្រីជាដើម។ បឹងទន្លេឆ្មារ ត្រូវបានដាក់បញ្ចូលជាតំបន់ដីសើម មានសារសំខាន់ជាអន្ដរជាតិ ឬតំបន់រ៉ាមសារក្នុងឆ្នាំ១៩៩៩ មានផ្ទៃដី ២៨ ០០០ ហិកតា ស្ថិតក្នុងភូមិសាស្រ្ដខេត្ដកំពង់ធំ និងខេត្ដសៀមរាប ហើយតំបន់នេះក៏ជាតំបន់ស្នូលនៃឋបនីយជីវមណ្ឌលបឹងទន្លេសាបរបស់អង្គការយូណេស្កូផងដែរ ។
តំបន់រ៉ាមសារបឹងទន្លេឆ្មារ មិនត្រឹមតែជួយផ្ដល់ជាទីជម្រកដល់ជីវចម្រុះប៉ុណ្ណោះទេ តែវាក៏បានទ្រទ្រង់ជីវភាព និងការរស់នៅរបស់ប្រជាសហគមន៍ដែលអាស្រ័យផលក្នុងតំបន់ដីសើមមួយ។ វាបានបង្ហាញពីការររស់នៅជាមួយគ្នារវាងមនុស្ស និងធម្មជាតិដែលពឹងអាស្រ័យគ្នាជាចាំបាច់មិនអាចខ្វះបាន។

សូមចូលរួមជាមួយពួកយើងស្វែងយល់ និងសិក្សាបន្ថែមពីលក្ខណៈពិសេសៗរបស់ តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងរួមគ្នាការពារអភិរក្សតំបន់ដីសើមមួយនេះសម្រាប់អនាគតក្មេងជំនាន់ក្រោយ ៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





