លោកជំទាវវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកពេទ្យនៃមណ្ឌលសុខភាពរវៀង ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកពេទ្យនៃមណ្ឌលសុខភាពរវៀង ដែលជាអំណោយពីរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងគូសាណូណិ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ណាហ្គាសិ កេនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្ម នៃទូតជប៉ុនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិបាក់ក្តោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការអញ្ជើញរួមពី លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា អគារសម្រាកនៃមណ្ឌលសុខភាពរវៀង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង គូសាណូណិ របស់ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។ អគារនេះមានទំហំ២៨ម៉ែត្រ គុណ១២ម៉ែត្រ កម្ពស់១ជាន់ មាន១៣បន្ទប់ និងបន្ទប់ទឹក៤។ អគារនេះចាប់ផ្តើមកសាងនៅខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់សរុបចំនួន១២៦,៦៤៨ដុល្លារ។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងសប្បុរសជនទាំងអស់ដែលជួយឧបត្ថម្ភសាងសង់ នូវអគារសម្រាកព្យាបាលជំងឺមួយថ្មីបន្ថែមទៀត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមណ្ឌលសុខភាពរវៀង ដែលបានផ្តល់នូវភាពងាយស្រួលដល់មន្ត្រីសុខាភិបាល ក្នុងការបំពេញការងារ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនងាយស្រួលក្នុងការមកទទួលសេវាសាធារណៈ ដូចជាការសម្រាល និងការថែទាំ ការព្យាបាលជំងឺ។
លោកជំទាវវេជ្ជបណ្ឌិតក៏បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទូលខុសត្រូវ សម្រេចបាននូវសមិទ្ធផលជាច្រើន លើវិស័យសុខាភិបាលក្នុងខេត្តព្រះវិហារ ។ តាមរយៈលទ្ធផលនេះ បានលើកកម្ពស់ និងជំរុញការផ្តល់សេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបានកាត់បន្ថយអត្រា ឈឺ និងស្លាប់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយចិរភាព។

លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បានកំណត់អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន៥ ក្នុងនោះ អាទិភាពទី៣ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅ ជាយុទ្ធសាស្ត្រ គឺបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ មាតា ទារក និងកុមារ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានដាក់ចេញវិធានការគន្លឹះ ដើម្បីលើកកម្ពស់ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមមូលដ្ឋាន គុណភាពសេវាសុខាភិបាល តាមរយៈការអនុវត្តនូវវិធានការគន្លឹះចំនួន៣ គឺការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការអភិឌ្ឍសមត្ថភាពស្ថាប័ន ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ និយ័តកម្មការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាពការផ្តល់សេវាសុខភាព ការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនដើម្បីឱ្យប្រជាជនទទួលបាន សេវាសុខភាមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវវេជ្ជបណ្ឌិតក៏បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចៀសផុតពីជំងឺផ្សេងៗ បើទោះបីមានគ្រូពេទ្យពូកកែយ៉ាងណាក្ដី ខណៈបុគ្គលម្នាក់ៗ ជាអ្នកអប់រំដ៏ល្អប្រសើរនៅក្នុងក្រុមគ្រួសាររបស់ខ្លួន និងជាគ្រូពេទ្យដ៏ចំណាន សម្រាប់ថែទាំសុខភាពផ្ទាល់ខ្លួន និងសុខភាពក្រុមគ្រួសាររបស់ខ្លួនជាបឋម៕
ដោយ ទិត ស្រ៊





