កិច្ចប្រជុំដើម្បីត្រៀមលក្ខណៈចូលរួមកម្មវិធីខួប១០ឆ្នាំនៃស្ថាប័ន Expertise France នៅប្រទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងកម្មវិធីខួប១០ឆ្នាំនៃស្ថាប័ន Expertise France នៅទីក្រុងប៉ារីស ប្រទេសបារាំងតបតាមការអញ្ជើញរបស់ស្ថាប័ន Expertise France នៃសាធារណរដ្ឋបារាំង ហើយក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏នឹងផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយស្ថានីយ៍ទូរទស្សន៍បារាំងស្តីពី “ចក្ខុវិស័យរបស់កម្ពុជាសម្រាប់ការអប់រំឆ្ពោះទៅអនាគត”។



គួរបញ្ជាក់ថា ស្ថាប័ន Expertise France នឹងរៀបចំកម្មវិធីខួប១០ឆ្នាំរបស់ខ្លួនលើប្រធានបទ “សំណើ១០ចំណុច សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ ដែលបង្កើតឡើងដោយស្ថាប័ន Expertise France និងសហគមន៍អ្នកអភិវឌ្ឍន៍ តាមរយៈការផ្តល់ឱកាសដល់ដៃគូ និងភ្នាក់ងារពាក់ព័ន្ធដែលមានដូចជា តំណាងសង្គមស៊ីវិល ស្ថាប័នបារាំង ស្ថាប័នអឺរ៉ុប និងស្ថាប័នអន្តរជាតិនានា ដើម្បីចូលរួមក្នុងការបញ្ចេញមតិយោបល់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





