មន្ទីរសុខាភិបាលខេត្តកំពង់ចាមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
AKP កំពង់ចាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៧ ខែកុម្ភៈឆ្នំា២០២៥ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ សុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសបិទសន្និបាត ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សម្រេចបាន នូវសមិទ្ធផលជាច្រើនលើវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាមក្នុងរយៈពេល១ឆ្នាំកន្លងទៅ ធ្វើឱ្យវិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានចូលរួមជាមួយរាជរដ្ឋាភិបាលលើកស្ទួយសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង តាមរយៈការផ្តល់សេវាថែទាំព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព រួមទាំងផ្នែកសេវាឯកជន ដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាព។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បានកំណត់អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន ៥ ក្នុងនោះ អាទិភាពទី៣ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅ ជាយុទ្ធសាស្ត្រគឺ បន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ មាតា ទារក និងកុមារ។

ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម ត្រូវបន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពោលមិនថាអ្នកជំងឺទូទៅ អ្នកជំងឺជាសមាជិក ប.ស.ស អ្នកជំងឺដែលប្រើប្រាស់ បណ្ណសមធម៌ ដែលមកទទួលសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាពនៅក្នុងខេត្តកំពង់ចាម ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកប ដោយប្រសិទ្ធភាពទាន់ពេលវេលា និងផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អឱ្យទៅជាការផ្តល់សេវា ជូនប្រជាជនប្រកបដោយ សីលធម៌ថ្លៃថ្នូរ និងមិនរើសអើង អ្នកជំងឺ ស្របតាមពាក្យថា គ្រូពេទ្យ ជាមាតាដ៏ល្អរបស់អ្នកជំងឺ រួមទាំងសហការជាមួយរដ្ឋបាលក្រុង-ស្រុក គ្រប់គ្រង ប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាលក្នុងខេត្ត និងធ្វើការទប់ស្កាត់ ការលក់ ឬប្រើប្រាស់ឱសថគ្មានលេខទិដ្ឋាការ បញ្ញិកា ឱសថហាមឃាត់ ឬឱសថ គ្មានប្រភពច្បាស់លាស់ នៅតាមបណ្តាឱសថស្ថាន ឱសថស្ថានរង មូលដ្ឋាន សុខាភិបាលឯកជន និងសាធារណៈ គ្រប់ប្រភេទសំដៅលើក កម្ពស់សុខុមាលភាពសង្គម និងផ្តល់សេវាប្រកបដោយ ប្រសិទ្ធភាព គុណភាព និងប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ ទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អឲ្យទៅជាការផ្តល់សេវា ជូនប្រជាជនប្រកបដោយ សីលធម៌ថ្លៃថ្នូរ និងមិនរើសអើង អ្នកជំងឺ ស្របតាមពាក្យថា គ្រូពេទ្យ ជាមាតាដ៏ល្អរបស់អ្នកជំងឺ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់កិត្តិយសនូវបណ្ណសសើរ និងមេដាយការងារ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសុខាភិបាលនៃខេត្តផងដែរ៕
ដោយ ឆាយ ម៉ុត





