សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេលពីរថ្ងៃ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវនោះ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស។

ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន បានមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕

ដោយ៖ ជឹម ណារី





