មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រៀបចំវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវីដេអូអប់រំអំពីសុវត្ថិភាពចរាចរណ៍
AKP ព្រះវិហារ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រុមការងារការិយាល័យសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងវីឌីអូអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងសាលប្រជុំធំរបស់មន្ទីរដែលមានសមាជិក សមាជិកា ចូលរួមចំនួន៤៩នាក់ ស្រី១១នាក់ នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះ មន្ទីរតែងតែធ្វើឡើងជាប់ជាប្រចាំ ដើម្បីរំលឹកពីគ្រោះថ្នាក់ចរាចរណ៍ និងចែករំលែកចំណេះដឹងបន្ថែមអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតមកនៅកម្រិតទាប។ ក្រុមការងារក៏បានផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ជំងឺអេដស៍ និងបានចែកជូននូវសម្ភារ ឯកសារមួយចំនួនរួមមាន ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន៤៩ក្បាល ខិត្តបណ្ណស្ដីពីអ្វីដែលអ្នកបើកបរត្រូវយល់ដឹង ចំនួន៤៩សន្លឹក។ ហើយនៅថ្ងៃដដែលនេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារក៏មានការរៀបចំការប្រឡងយកបណ្ណបើកបរ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) លើកទី០៣ ក្នុងឆ្នាំ២០២៥ផងដែរ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា ការប្រឡងយកបណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រើរយៈពេលតែមួយថ្ងៃគត់ប៉ុណ្ណោះគឺ ពេលព្រឹកប្រឡងទ្រឹស្ដី ពេលថ្ងៃប្រឡងដៃចង្កូត សម្រាប់បេក្ខជនដែលប្រលងជាប់ជាស្ថាពរនឹងទទួលបានបណ្ណបើកបរនៅពេលរសៀល និងផ្តាំផ្ញើឱ្យថែរក្សាសុខភាពទាំងអស់គ្នា ដើម្បីអ្នក ក្រុមគ្រួសារអ្នក និងសង្គមជាតិ ចៀសផុតពីជំងឺកូវីត-១៩ ៣កុំ ៣ការពារ៕


ដោយ ទិត ស្រ៊





