សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានព្រមានដោយធ្វើការបង្ហោះសារឆ្លងឆ្លើយទាំង២៩៥ នៃសារ ក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកសម្ដេចជាសត្រូវនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ក្នុងការបង្ហោះសារយប់ម៉ិញ ខ្ញុំបាននិយាយថាមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំ និងសេង សារីទេដោយយល់ដល់ទំនាក់ទំនងឪពុកនិងកូន។ ប៉ុន្តែ ខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារ ក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។ នៅពេលខ្ញុំបញ្ចេញនូវសារនេះទាំងសំឡេងទាំងសំណេរ ខ្ញុំ និងបញ្ចេញតាមChannel telegram របស់ខ្ញុំដែលសមាជិកជាង៨០ម៉ឺននាក់។ សហការីរបស់ខ្ញុំ បានតម្រៀបសារទាំងនេះតាមលំដាប់លំដោយរួចហើយខ្ញុំគ្រាន់តែ forward ចូលទៅchannel telegram ជាការស្រេច។ ពេលសារចេញទៅគេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់ សេង សារីជាមួយអាស៊ីសេរីយប់ម៉ិញនេះ។
ដោយឡែកនៅលើបណ្ដាញទំនាក់ទំនងសង្គម យប់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ខ្ញុំកំពុងស្ថិតនៅរដ្ឋធានីវៀងចន្ទប្រទេសឡាវ។ ខ្ញុំទើបបញ្ចប់ការស្តាប់បទសម្ភាស់រវាងលោកចន្ទ័ ជុនបុត្រជាមួយលោក សេង សារី។ ខ្ញុំមានឯកសារជាអក្សរជាសំឡេងជាច្រើនរាប់ការនិយាយតាមទូរសព្វ័ដែល សេង សារី សុំលុយទៅអាម៉េរិក ដើម្បីចូលគៀកជាមួយ មួរ សុខហួរ អេង ឆៃអ៊ាង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។ សម្ដេចតេជោបន្តថា ខ្ញុំមិនដែលចាត់ទុកសេង សារីជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ខ្ញុំមិនដែលគម្រាម សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិន សេង សារី មានសំឡេងសូមបញ្ចេញឱ្យខ្ញុំបានស្តាប់ផង។ សំឡេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសម្លេងនិងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។ បើទោះ សេង សារី និយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏ សេង សារី ហៅខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ។ ឯចំណែកខ្ញុំវិញក៏ផ្តល់ការអាណិតចំពោះ សេង សារី និងគ្រួសារពេលដែល សេង សារី នៅបាងកក។ ខ្ញុំផ្តល់ឱ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេនិងផ្តល់ឱ្យ សេង សារី នូវថវិកា១ម៉ឺនដុល្លារក្នុងមួយខែរយៈពេល១២ខែ ស្មើ១២ម៉ឺនដុល្លារ។ នេះមិនទាន់គិតពីថវិកាដែលសេងសារីស្នើសុំពីអូស្ត្រាលី ដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្ស។ សេង សារី ពុកមិនដែលចាត់ទុកកូនជាចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុកគោរពដល់ការសម្រេចចិត្តរបស់កូន ដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេកូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃ បដិសេធជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក? ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខា បង្កើតគណបក្សទៅ។ នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។ បទសម្ភាសន៍របស់កូនគឺវាយទម្លាក់តម្លៃខ្លួនឯងទេ។ ពុកប្រាប់ចុងក្រោយកូនអាចភូតអ្នកដ៏ទៃបានតែកុំភូតខ្លួនឯង និងកុំភូតឯកសារសម្ងាត់ដែលមានក្នុងដៃពុក៕
ដោយ៖ ជឹម ណារី





