កសិករដាំម្នាស់នៅស្រុកមោងឫស្សីរកប្រាក់ចំណូលបានខ្ពស់ជាងដាំស្រូវ
AKP បាត់ដំបង ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ផ្លែម្នាស់នៅឃុំរបស់មង្គលក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង មានឱជារសផ្អែម សាច់ស្រួយមិនកាត់មាត់ និងមានក្លិនក្រអូប ដែលត្រូវបានអ្នកទិញយកទៅទទួលទានយកទៅលក់បន្តកោតសរសើរ និងជាប់ចិត្ត ហេតុដូច្នេះហើយទើបបានជាដំណាំនេះរីកដុះដាលច្រើនឡើងៗជំនួសឱ្យដំណាំស្រូវនៅក្នងស្រុកមោងឫស្សី។ បើតាមកសិករម្ចាស់ចម្ការម្នាស់និយាយថាមិនត្រឹមតែរកប្រាក់ចំណូលបានច្រើនជាងការធ្វើស្រូវប៉ុណ្ណោះទេ គឺផ្លែម្នាស់ងាយរកទីផ្សារថែមទៀត។ ផលិតផលផ្លែម្នាស់ស្រុកមោងឫស្សីត្រូវបានគេចែកចាយទៅទីផ្សារក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួនផ្សេងទៀត។

អ្នកស្រី នឿន សាវ ជាម្ចាស់ចម្ការម្នាស់ នៅភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា កន្លងមកអ្នកស្រីបានដាំម្នាស់នៅលើផ្ទៃដី១៥ អា ដែលកាលនោះតម្លៃផ្លែម្នាស់នៅលើទីផ្សារគឺមួយផ្លែ១.០០០រៀល។ ដូច្នេះអ្នកស្រីអាចរកចំណូលបានប្រមាណ១២លានរៀលក្នុងរដូវប្រមូលផលម្តង។ ប្រាក់ចំណូលនេះអាចទ្រទ្រង់ទៅលើការចាយវាយនៅក្នុងគ្រួសារហើយក៏អាចសល់ចំណេញផងខ្លះទៀត។

អ្នកស្រីបានបន្តថា ដោយសារតែឃើញចំណូលលើការលក់ផ្លែម្នាស់អាចគ្រាន់បើជាងធ្វើស្រែ ទើបឆ្នាំនេះអ្នកស្រីបានពង្រីកបន្ថែមដោយបានដាំម្នាស់នៅលើផ្ទៃដី៤៥អាទៀត ប៉ុន្តែជាចៃដន្យនៅឆ្នាំនេះផ្លែម្នាស់ដែលល្អក្នុងមួយផ្លែបានត្រឹមតម្លៃ៥០០រៀលប៉ុណ្ណោះ ព្រោះកសិករក្នុងស្រុកនាំគ្នាដាំម្នាស់ច្រើនឡើង ដល់ពេលប្រមូលផលក៏បានច្រើនដូច្នេះតម្លៃក៏ធ្លាក់ចុះដែរ ប៉ុន្តែបើទោះបីជាតម្លៃធ្លាក់មកនៅពាក់កណ្ដាល ក៏អ្នកស្រីបានសង្កត់ធ្ងន់ថានៅអាចទប់ទល់ចំណេញបានខ្លះដោយមិនខាតនោះទេ។

ទន្ទឹមនឹងនេះ លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានបញ្ជាក់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ថា បច្ចុប្បន្នប្រជាកសិករនៅឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានងាកមកពង្រីកការដាំដុះដំណាំម្នាស់ច្រើនឡើងៗជំនួសឱ្យការធ្វើស្រែ។ តាមពិតអ្នកស្រុកអ្នកភូមិនៅទីនេះនិយមចូលចិត្តដាំម្នាស់ ជាយូរយារណាស់មកហើយប៉ុន្តែដាំជាលក្ខណៈគ្រួសារតិចៗគ្រាន់តែទទួលទានប៉ុន្តែបច្ចុប្បន្នមានអ្នកខ្លះបានយកដីស្រែមកធ្វើជាចម្ការម្នាស់ ដើម្បីប្រមូលផលលក់ទៅក្រៅស្រុកថែមទៀត។ បើតាមការធ្វើស្ថិតិបច្ចុប្បន្នមានប្រជាកសិករដាំម្នាស់ចំនួន៥០០គ្រួសារនៅលើផ្ទៃដីចំនួន៦០៥ហិកតា ក្នុងស្រុកទាំងមូលហើយឃុំរបស់មង្គលច្រើនជាងគេ ជាមួយគ្នានេះកសិករនៅឃុំផ្សេងៗទៀតក៏កំពុងតែពង្រីកផ្ទៃដីដាំម្នាស់ថែមទៀត។
លោកអភិបាលស្រុកបានបន្ថែមថា ជាការពិតណាស់ដែលថាការដាំម្នាស់អាចរកចំណូលបានលើសពីការធ្វើស្រែ ព្រោះនៅលើផ្ទៃដីមួយហិកតា គេអាចដាំកូនម្នាស់បានចំនួន៦ម៉ឺនគុម្ពក្នុងរយៈពេល៦ខែ គឺប្រជាកសិករអាចប្រមូលផលម្នាស់បានហើយ ដូច្នេះនៅក្នុងចំនួន៦ម៉ឺនដើម គេអាចកាត់ចោលការខូចខាត១ម៉ឺនដើម។ ដូច្នេះអាចទទួលផលបាន៥ម៉ឺនផ្លែលើផ្ទៃដីមួយហិកតា។ បើតម្លៃបច្ចុប្បន្នក្នុងមួយផ្លែជាមធ្យមបាន៥០០រៀល ក៏គេអាចទទួលបាន២៥លានរៀលដែរ ក្នុងមួយរដូវ។

កសិករដែលប្រកបមុខរបរដាំម្នាស់ក៏បានសំណូមពរដល់ឈ្មួញទាំងឡាយកុំទម្លាក់តម្លៃខ្លាំងពេក ធ្វើយ៉ាងណាឱ្យបានសមរម្យដើម្បីឱ្យពួកគាត់អាចបន្តមុខរបរនេះតទៅមុខទៀត ព្រោះបច្ចុប្បន្នម្នាស់មោងឫស្សី អាចចែកចាយដល់ទីក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តជាច្រើនទៀតមួយផងដែរ៕
ដោយ សុផល





