សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបើកវគ្គបណ្តុះបណ្តាលស្តីអំពីចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម
AKP ព្រះវិហារ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបើកវគ្គបណ្តុះបណ្តាលស្តីអំពីចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា និងផ្សព្វផ្សាយពីការប្រើប្រាស់ថង់ប្លាស្ទិក សុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន ហ្មសែត ចំនួន៤៥នាក់ ស្រី៣៧នាក់ និងយុវជនទើបរើសថ្មីចំនួន០៩នាក់ ស្រី០៦នាក់ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាយ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមវត្តមានលោក នូ តារាមុន្នី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ។

លោក នូ តារាមុន្នី បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះក្នុងគោលបំណងដើម្បីឱ្យប្អូនៗបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។

ទន្ទឹមនឹងនេះ លោកក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ និងសម្អាតនៅសាលា និងតាមកន្លែងផ្សេងៗកុំឱ្យមានសំរាមជាពិសេសគឺថង់ប្លាស្ទិក ចៀសវាងការប្រើប្រាស់អំពើហិង្សា ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ ធ្វើជាកូនល្អ ធ្វើជាយុវជនល្អសម្រាប់អនាគតប្រទេសជាតិ៕


ដោយ ទិត ស្រ៊





