កែប្រែដីស្រែគ្មានជាតិជាសួនផ្កាសិប្បនិមិត្តទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទៅកម្សាន្ត
AKP បាត់ដំបង ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ដីស្រែប្រមាណ១ហិកតាត្រូវបានរៀបចំតាក់តែងលម្អឱ្យក្លាយជាសួនផ្កាសិប្បនិម្មិតហើយអាចទាក់ទាញចិត្តអ្នកអ្នកទេសចរពីគ្រប់ទិសទីក្នុងខេត្តចូលទៅកម្សាន្តឥតដាច់។ ព័ទ្ធជុំវិញទៅដោយស្រែស្រូវសួនផ្កាចម្រុះពណ៌បានទាក់ទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារស្ត្រីម្ចាស់ទីតាំងបានកែប្រែកែច្នៃរចនាឡើងពីគំនិតផ្ទាល់ខ្លួនដើម្បីបង្កើតជាមុខរបរមួយឡើង។

អ្នកស្រី ឃិន សោភ័ណ បានរៀបរាប់ឱ្យដឹងថា ទីតាំងសួនផ្កាសិប្បនិម្មិតរបស់អ្នកស្រីស្ថិតក្នុងភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានផ្លូវចូលចម្ងាយប្រមាណ ៣០០ ម៉ែត្រទល់មុខគណបក្សប្រជាជនកម្ពុជាឃុំភ្នំសំពៅ ដោយដាក់ឈ្មោះសួនផ្កានេះ "មាលាកាហ្វេក្អម" គឺយកតាមឈ្មោះកូនស្រីរបស់អ្នកស្រី។ កាលពីដំបូងឡើយ ដីទំហំមួយហិកតានេះគឺស្ថិតនៅចន្លោះដីស្រែរបស់អ្នកភូមិដែលកាលនោះអ្នកស្រីបានចាក់ដីថ្មីដែលមិនសូវមានជីជាតិ ធ្វើស្រែមិនបានផល ព្រោះមិនមានដើមអ្វីដុះក្រៅអំពីដើមចង្ក្រង់ស្វាទាល់តែសោះ ហើយដើមចង្ក្រង់ស្វានេះក៏មានផ្កាពណ៌លឿងស្រស់មិនខុសពីផ្កាស្នោរប៉ុន្មានឡើយ ទើបអ្នកស្រីបែកគំនិតចង់បង្កើតជាសួនសិប្បនិម្មិតនេះឡើង។

អ្នកស្រីបានបន្ថែមថា ដោយមើលឃើញនៅតាមដងផ្លូវ ចាប់ពីភ្នំសំពៅ ទៅដល់ឃុំត្រែង គឺសម្បូរដើមកន្ត្រាំងបាយស ទើបអ្នកស្រីឱ្យពួកអ្នកភូមិកាប់យកមកលក់ឱ្យអ្នកស្រីរហូតបានច្រើនបង្គួរអ្នកស្រីក៏បានហាលហើយគោះស្លឹកចោលយកដើមមកកែច្នៃចងជាបាច់តូចៗ និងជ្រលក់ពណ៌ចំនួន ៧ ពណ៌រួចយកទៅដោតមួយចំហៀងដី។ ដោយឡែកផ្ទៃដីនៅសល់ដែលពោរពេញដោយដើមចង្ក្រង់ស្វា អ្នកស្រីបានទិញសន្លឹកជ័រសាប៊ូចម្រុះពណ៌ ដែលវាមិនមែនជាជ័រ យកមកកាច់ធ្វើជាផ្កាកុលាបរាប់ម៉ឺនដើម ដើម្បីយកទៅដោតលើដីចម្រុះពណ៌ជាមួយនឹងដើមផ្កាចង្ក្រង់ស្វា ដែលមើលទៅហាក់បីដូចជាផ្កាពិតៗនិងស្រស់ស្អាតថែមទៀតផង។ ទីតាំងផ្សេងទៀតអ្នកស្រីក៏បានប្រើប្រាស់សំបកដបទឹកសុទ្ធ លាបពណ៌ដើម្បីចងជាម៉ូតផ្សេងៗគួរឱ្យចង់គយគន់។

អ្នកស្រី ឃិន សោភ័ណ បានឱ្យដឹងដែរថា សម្រាប់អតិថិជនដែលចូលទៅកម្សាន្តនៅក្នុងសួនផ្កាសិប្បនិម្មិតត្រូវបានទិញសំបុត្រចូលក្នុងម្នាក់ ២.០០០ រៀលក៏ប៉ុន្តែភ្ញៀវមានសិទ្ធិជ្រើសរើសកាហ្វេឬភេសជ្ជៈមួយកំប៉ុង ដោយប្តូរជាមួយសំបុត្រនោះ ដូច្នេះប្រាក់២.០០០រៀលស្មើនឹងទិញភេសជ្ជៈប៉ុណ្ណោះ នឹងអាចឱ្យភ្ញៀវថតលេងកម្សាន្តសប្បាយផងដែរ។ បច្ចុប្បន្នអ្នកស្រីកំពុងឱ្យជាងធ្វើជាកញ្ចុះខ្លះៗទុកគ្រាន់ភ្ញៀវអង្គុយលេង និងពិសាភោជនាហារ តាមតម្រូវការ ព្រោះនៅទីតាំងនេះអ្នកស្រីក៏ចាប់ផ្តើមបើកលក់បាយម្ហូបតាមបែបស្រុកស្រែថែមទៀតផងដែរ។ ការបើកទីតាំងនេះ ទើបតែបានមួយខែប៉ុណ្ណោះ ប៉ុន្តែមានភ្ញៀវប្រមាណជិត១០០នាក់ក្នងមួយថ្ងៃចូលទៅលេងកម្សាន្តជាហូរហែទៅហើយ ដោយភាគច្រើនគឺនៅល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកចំនួនភ្ញៀវមានចំនួនកើនឡើងដែលអាចនិយាយបានថាមុខរបរនេះកាក់កបគ្រាន់ បើបន្ទាប់ពីកែប្រែដីស្រែគ្មានជីជាតិមកជាសួនកម្សាន្ត និងលក់អាហារភេសជ្ជៈ។អ្នកស្រី ឃិន សោភ័ណ បានបញ្ជាក់ថា អ្នកស្រីនឹងបន្តច្នៃប្រឌិតរៀបចំសួនផ្កានេះឱ្យមានភាពទាក់ទាញប្លែកៗថ្មីៗដើម្បីភ្ញៀវមកកម្សាន្តមិនធុញទ្រាន់៕

ដោយ សុផល





