សិក្ខាសាលាតម្រង់ទិសស្ដីពីពិព័រណ៍អាហារតាមសាលារៀន និងការពិនិត្យការលក់ដូរអាហារតាមសាលារៀន
AKP កំពង់ធំ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងអង្គការហែឡែនខែលល័រអន្តរជាតិប្រចាំខេត្តកំពង់ធំ បានបើកសិក្ខាសាលាតម្រង់ទិសស្ដីពីពិព័រណ៍តាមសាលារៀនស្ដីពីអាហារសុខភាព ជូនលោកលោកស្រីនាយក នាយិកាសាលារៀនបឋមសិក្សាចំនួន១០សាលាគោលដៅរបស់អង្គការក្នុងស្រុកតាំងគោក នៅសាលប្រជុំរដ្ឋបាលស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក។

លោក ប៊ី រីដែន មន្ត្រីអង្គការហែឡែនខែលល័រអន្តរជាតិប្រចាំខេត្តកំពង់ធំ បានលើកឡើងថាការរៀបចំពិព័រណ៍នេះក្នុងគោលបំណងដើម្បីកាត់បន្ថយជំងឺមិនឆ្លងនៅកម្ពុជា ដោយជំរុញការយល់ដឹងបន្ថែមពីកត្តាហានិភ័យ និងបង្ការជំងឺមិនឆ្លងឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព មានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ស្របតាមសេចក្ដីណែនាំលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនោះ លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដល់លោកគ្រូ អ្នកគ្រូ លោក លោកស្រីនាយក នាយិកាសាលាគោលដៅទាំង១០ ដែលបានចូលរួមក្នុងសិក្ខាសាលានោះព្រមទាំងលើកឡើងពីភាពចាំបាច់នៃការងារលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដែលជាមូលដ្ឋានគន្លឹះធានាបាននូវការសិក្សាប្រកបដោយនិរន្តរភាពគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សា ព្រមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសង្គម ពិសេសការចូលរួមចំណែកសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកប្រធានការិយាល័យបានលើកឡើងពីសម្បទាទាំងប្រាំរបស់មូលធនមនុស្សគឺវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយចិត្តសម្បទាដែលផ្តោតសំខាន់លើសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិកអប់រំ និងអ្នកសិក្សា និងទី៥គឺសម្បទាស្នេហាជាតិហើយដែលទាំងអស់នេះគឺនឹងកើតចេញពីលោកគ្រូ អ្នកគ្រូ ដែលជាប្រតិបត្តិករដ៏សំខាន់មិនអាចខ្វះបាន។
លោកប្រធានការិយាល័យបានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលារៀននិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញនូវការអនុវត្តសេចក្ដីណែនាំលេខ៧១និងលេខ១៨ របស់ក្រសួងអប់រំ យុវជននិងកីឡាដោយធ្វើយ៉ាងរៀបចំឱ្យមានគណៈកម្មការសុខភាពសិក្សាថ្នាក់សាលារៀននិងមានសមាសភាពពីគ្រប់ភាគីពាក់ព័ន្ធ ការរៀបចំឱ្យមានការដាំដំណាំចម្រុះ (សួនជីវៈចម្រុះ) ដោយធ្វើយ៉ាងណាដាំឱ្យបានផលិតបីប្រភេទលើរងតែមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ជី និងទឹក ការដាំដើមឈើយកម្លប់ឱ្យបានច្រើនដើម្បីធានានឹងការប្រែប្រួលអាកាសធាតុ ការជំរុញការអនុវត្តនូវស្តង់ដាសាលារៀនគំរូឱ្យមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងពីរបៀបរបបរាយការណ៍បន្ទាន់នៅពេលមានបញ្ហាគ្រោះមហ្តរាយ ជូនដល់សិក្ខាកាមផងដែរ។

លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា និងលោក ឡុញ គីណាល់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកតាំងគោក បានបន្តសកម្មចុះពិនិត្យការលក់ដូរចំណីអាហារនៅក្នុងវិទ្យាល័យទ្រៀល ព្រមទាំងបានណែនាំដល់អាជីវករទាំងអស់ត្រូវគោរពតាមកិច្ចសន្យាលក់ដូរជាមួយនាយកសាលា និងអនុវត្តឱ្យបានជាដាច់ខាតតាមសេចក្ដីណែនាំលេខ១៨ និងលេខ៧១ របស់ក្រសួងអប់រំ យុវជននិងកីឡា។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានបឋមសិក្សាចំនួន០៥សាលារបស់គម្រោងអង្គការ Helekeller.Int បានរៀបចំពិព័រណ៍សាលារៀន ស្ដីពីអាហារប្រកបដោយសុខភាព ដែលមានសមាសភាពលោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្សប្រមាណ១០០នាក់ (ស្រី៧៤នាក់) បានចូលរួមការរៀបចំតាំងពិព័រណ៍នោះ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាដោយជំរុញការយល់ដឹងបន្ថែមពីកត្តាហានិភ័យ និងបង្ការជំងឺមិនឆ្លងឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព មានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀនស្របតាមសេចក្ដីណែនាំលេខ១៨របស់ក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ ស៊ុម វណ្ណា





