មន្ដ្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំង សហការគ្នា គ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេស
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្ដម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ត្រូវសហការគ្នាក្នុងការគ្រប់គ្រងវត្តមាន ស្នាក់នៅជនបរទេស ដោយធានាបានថា ជនបរទេសស្នាក់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សុទ្ធតែជនដែលស្នាក់នៅដោយស្របច្បាប់។

ឯកឧត្ដម ហ៊ុន សុរិទ្ធី បានធ្វើឡើងខណៈឯកឧត្ដមអញ្ជើញជាអធិបតីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារ គ្រប់គ្រងវត្តមានជនបរទេសដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមបានបញ្ជាក់ថា ការអញ្ជើញបងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល មកប្រជុំ នាពេលនេះ មានគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រងវត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន។ បងប្អូនត្រូវជៀសឱ្យបានពីការចោទប្រកាន់ថា ជាអ្នកផ្សំគំនិតបិទបាំងបទល្មើស ឬ លាក់បាំងជនបរទេសស្នាក់នៅខុសច្បាប់នៅកម្ពុជា។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ពិតជាគាំទ្រចំពោះការបើកអាជីវកម្មរបស់បងប្អូន តែយើងក៏មិនចង់ឃើញបងប្អូនអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់ឬលាក់ទុកជនបរទេសមិនស្របច្បាប់នោះទេ។

ដើម្បីឱ្យបងប្អូនជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ បងប្អូនត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេស ទូទាំងប្រទេសកម្ពុជា។ ធ្វើបែបបទគ្រប់គ្រងរដ្ឋបាល ដោយយកមកប្រថាប់ត្រានៅសង្កាត់ ដែលមានកិច្ចសន្យាច្បាស់លាស់ តើថា ជនបរទេសទាំងនោះស្នាក់នៅប៉ុន្មាននាក់ ប៉ុន្មានថ្ងៃ ប៉ុន្មានខែប៉ុន្មានឆ្នាំ ជាដើម។ បើបងប្អូនមិនអនុវត្តតាមការណែនាំខាងលើនេះទេ នៅពេលមានបញ្ហា បងប្អូនអាចប្រឈមមុខចំពោះផ្លូវច្បាប់ហើយ៕
ដោយ សួស សំរិត





