សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ យុទ្ធជនឡាវ នៅស្តូបអនុស្សាវរីយ៍វីរយុទ្ធជនពលី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥--
នៅព្រឹកទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ដែលថ្ងៃទី១នៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបន្តដំណើរទៅកាន់ស្តូបអនុស្សាវរីយ៍វីរយុទ្ធជនពលី ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីឡាវ ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់និងអាយុជីវិតក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន។នេះបើតាមការឱ្យដឹងរបស់អ្នកយកព័ត៌មានទូទស្សន៍ជាតិកម្ពុជា។
ជាមួយនេះដែរនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម សៃស៊ុមផន ភូមិវិហាន ប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីបដិសណ្ឋារកិច្ចជាផ្លូវការនេះ បានរៀបចំប្រកបដោយកិត្តិយស និងកក់ក្តៅបំផុតនៅវិមានរដ្ឋសភាជាតិឡាវ ក្នុងទីក្រុងវៀងចន្ទន៍ ។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រឹទ្ធសភាកម្ពុជាបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ ដែលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នាពេលនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងស្ថាប័ននីតិប្បញត្តិទាំងពីរ ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ ហើយទំនាក់ទំនងកម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាស ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជាកាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ។ ទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងនិងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅនិងប្រកបដោយផ្លែផ្កាបន្ថែមទៀត។


បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏មានជំនួបទ្វេភាគី ជាមួយឯកឧត្តមបណ្ឌិត សៃស៊ុមផន ភូមិវិហាន ប្រធានរដ្ឋសភាជាតិឡាវផងដែរ៕
ដោយ៖ ជឹម ណារី





