សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយ របស់ជីវីតប្រចាំថ្ងៃទៅហើយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយ របស់ជីវីតប្រចាំថ្ងៃរបស់យើងទៅហើយ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។

ក្នុងឱកាសនោះ សម្តេចធិបតី ជឿជាក់ថា ប្រហែលជាមានមនុស្សតិចណាស់ ឬថាគ្មានតែម្តង ចំពោះអ្នកដែលមិនមាន Smart Phone (ទូរសព្ទវៃឆ្លាត) ប្រើ, ហើយមិនជឿថាមានមនុស្សច្រើន ដែលមិនមានប្រព័ន្ធទំនាក់ទំនង តាមកម្មវិធី ដូចជា App What’sApp Telegram Facebook TikTok ជាដើម។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញថា ទោះបីជាតំបន់ដាច់ស្រយាលតាមបណ្តោយព្រំដែន ដែលជាតំបន់ដាច់ស្រយាលបំផុត ក៏មានមនុស្សសុំសម្តេចថតរូប ជាមួយទូរសព្ទSmart Phone សម្រាប់ការបង្ហោះលើបណ្តាញសង្គម ឬលើប្រព័ន្ធអ៊ីនធើណេតដែរ នេះបានន័យថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយ របស់ជីវីតប្រចាំថ្ងៃទៅហើយ។


ជាងនេះទៅទៀត សម្តេចធិបតី កត់សម្គាល់ឃើញទៀតថា គ្រប់គ្នា បានយកទូរសព្ទ ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត សម្រាប់ផ្ទុកឯកសារ ឬសម្រាប់ទំនាក់ទំនងនានា ដែលជាកិច្ចការសំខាន់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ បូករួមទាំងទិន្នន័យជាច្រើនផងដែរ ។
សម្តេចធិបតី មានប្រសាសន៍ថា "ឥឡូវយើងប្រែក្លាយពីពឹងផ្អែកទៅលើកុំព្យូទ័រ មកពឹងផ្អែកទៅលើឧបករណ៍របស់យើង ទូរសព្ទដៃ គឺប្រព័ន្ធឌីជីថលនេះឯង ហើយនេះហើយបានយើងនិយាយថា ឌីជីថលក្លាយទៅជាផ្នែកមួយនៃជីវិតរបស់យើង"៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





