កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទីសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចជា៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត។ ២. ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ដ។ ៣. ពិនិត្យ និងអនុម័តសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំគម្រោងខេត្ត ឆ្នាំ២០២៥។ ៤. ពិនិត្យ និងអនុម័តទុនចូលរួមសម្រាប់គម្រោងវិនិយោគខេត្ត ឆ្នាំ២០២៥។ ៥. ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម យឹម សុខុម បានសម្តែងភាពរីករាយ និងមានប្រសាសន៍ថា អង្គប្រជុំនាពេលនេះជាព្រឹត្តិការណ៍មួយដែលគ្រប់តួអង្គពាក់ព័ន្ធបានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចបានក្នុងខែមករា ឆ្នាំ២០២៥ ក៏ដូចជាការស្វែងយល់ពីបញ្ហាប្រឈម ដំណោះស្រាយ និងកាលានុវត្តភាព ដោយដាក់ចេញទិសដៅការងារសម្រាប់ខែកុម្ភៈ និងខែបន្តបន្ទាប់ទៀត ក្នុងគោលដៅចូលរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕



ដោយ លឹម សាន្ត





