ក្រសួងវប្បធម៌បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងរាជធានីខេត្ត តំណាងអង្គការ សមាគម និងមន្រ្តីរាជការ ប្រមាណជិត៦០០នាក់នៅសាលសន្និសីទចតុម្មុខ។

ថ្លែងក្នុងកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា បានធ្វើការវាយតម្លៃខ្ពស់ជាថ្មីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលនាំឱ្យវិស័យសិល្បៈវប្បធម៌បន្តទទួលបាននូវវឌ្ឍនភាពថ្មីៗ និងបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ការិយាល័យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ដែលបានចូលរួមសហការជួយជ្រោមជ្រែងពីគ្រប់វិស័យពាក់ព័ន្ធក្នុងកិច្ចការអភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌មរតកដ៏ថ្លៃថ្លារបស់ជាតិ។ សន្និបាតឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំមុន ដោយយើងទាំងអស់គ្នាជួបជុំមិនត្រឹមតែពិនិត្យ និងវាយតម្លៃទៅលើលទ្ធផលការងារទៅតាមទិសដៅការងារដែលបានគ្រោងទុកនោះទេ ប៉ុន្តែយើងបានផ្ទៀងផ្ទាត់ផងដែរអំពីកម្រិតឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាពអាទិភាពទាំង៦ចំណុច ដែលក្នុងនោះក៏បានត្រួតពិនិត្យផងដែរអំពីសន្ទុះនៃការ«រៀបចំផ្ទះឱ្យបានរៀបរយ» ដោយផ្អែកលើអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងផងដែរ៕



ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





