តំបន់ដីសើម ស្ទឹងសែន គឺជាតំបន់រ៉ាមសារ សំខាន់មួយដែលមច្ឆជាតិកម្រជាង១៥០ប្រភេទ សត្វស្លាបកម្រជាង៩០ប្រភេទ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- តំបន់ដីសើម ស្ទឹងសែនស្ថិតនៅភាគខាងកើតនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ដឃុំផាត់សណ្ដាយ ស្រុកកំពង់សា្វយ ខេត្ដកំពង់ធំ។ ស្ទឹងសែន គឺជាតំបន់ដីសើមដែលមានប្រព័ន្ធអេកូស៊ីដ៏សំខាន់ ដែលគ្របដណ្ដប់ដោយព្រៃលិចទឹកតាមរដូវខ្ពស់ៗ ព្រៃគុម្ពោធទាបៗ និងវាលស្មៅខៀវស្រងាត់។ ជាមួយលក្ខណៈពិសេសនៃបំលាស់ប្ដូររបបទឹកពីដងស្ទឹងសែន ទន្លេមេគង្គ និងបឹងទន្លេសាបតាមរដូវ បានធ្វើឱ្យតំបន់រ៉ាមសារស្ទឹងសែន មានលក្ខណៈសមស្របដល់ជីវចម្រុះដ៏សម្បូរបែប ដូចជាប្រភេទមច្ឆជាតិកម្រជាង១៥០ប្រភេទ រួមទាំងត្រីគល់រាំង និងត្រីរាជ ប្រភេទសត្វស្លាបកម្រជាង៩០ប្រភេទ និងប្រភេទថនិកសត្វជិតផុតពូជ ដូចជាភេខ្លួនរលោង ស្វាព្រាម និងស្វាក្ដាមជាដើម។ នេះបើតាមការឱ្យដឹពីអង្គការ NatureLife នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ ។

តំបន់ដីសើម ស្ទឹងសែន ត្រូវបានដាក់បញ្ចូលជាតំបន់រ៉ាមសារ ឬតំបន់ដីសើមដ៏មានសារសំខាន់ជាអន្ដរជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៩២៩៣ ហិកតា។ តំបន់រ៉ាមសារស្ទឹងសែនក៏ជាតំបន់ស្នូលមួយនៃតំបន់ស្នូលទាំងបីនៃតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាបនៃអង្គការយូនេស្កូផងដែរ។ តំបន់រ៉ាមសារស្ទឹងសែនក៏បានគាំទ្រដល់ជីវភាពសហគមន៍ប្រមាណជាង ១៣២៣ គ្រួសារ ដែលជារស់នៅជាសហគមន៍បណ្ដែតទឹក ហើយអាស្រ័យទាំងស្រុងលើការនេសាទ និងដកហូតធនធានធម្មជាតិក្នុងតំបន់ដីសើមមួយនេះ។

ដើម្បីគាំទ្រដល់កិច្ចការពារតំបន់រ៉ាមសារស្ទឹងសែន អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានសហការយ៉ាងសកម្មជាមួយនឹងក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ដកំពង់ធំ ដោយជំរុញលើកប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ដីសើមនេះ តាមរយៈការពង្រឹងសមត្ថភាពដល់មន្ដ្រីឧទ្យានុរក្ស ការបង្កើនកិច្ចសហការរវាងដៃគូពាក់ពន្ធ ការតាមដានជីវចម្រុះជាប្រចាំ ការពង្រឹងការអនុវត្ដច្បាប់ ការចូលរួមពីប្រជាសហគមន៍មូលដា្ឋន និងលើកកម្ពស់ជីវភាពសហគមន៍ជាមួយផលិតផលអភិរក្សជីវចម្រុះ “ត្រីទន្លេ” ជាដើម។

ស្ទឹងសែនមិនត្រឹមតែជាតំបន់ដីសើមប៉ុណ្ណោះទេ តែវាបានជាប្រភពជីវិតដល់ជីវចម្រុះ មនុស្សជាតិ និងប្រព័ន្ធអេកូឡូស៊ីនៃបឹងទន្លេសាបផងដែរ។ សូមចូលរួមជាមួយយើងអបអរទិវាដីសើមពិភពលោក និងចូលរួមរក្សាតួនាទីដ៏សំខាន់របស់តំបន់រ៉ាមសារស្ទឹងសែនទាំងអស់គ្នា៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





