ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលនៃគណៈអភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី៩របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៩ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥)។ ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ។ ៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តព្រះសីហនុ។ ៧. ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត។ ៨. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែមករា ឆ្នាំ២០២៥ និង៩. ប្រកាសស្តីពីការផ្ទេរភារកិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ។

បន្ទាប់ពីស្តាប់របាយការណ៍របស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម វង្ស ផាណាត បានធ្វើការបូកសរុប និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រោះការងារធ្វើបានល្អ អាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាធ្វើការដោះស្រាយ និងអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាបំណងប្រាថ្នាចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ម្យ៉ាងទៀតក៏ជាខេត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដូច្នេះយើងត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាពសាធារណៈ និងការស្នាក់នៅ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកស្នាក់នៅកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានយូរជួយបង្កើនជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត៕

ដោយ ងូ សុមុនី





