ផ្លូវ៦០ម៉ែត្រចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ ដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា
AKP ភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥--បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់បណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្សជាបន្តបន្ទាប់នាពេលកន្លងមកឥឡូវផ្លូវ៦០ម៉ែត្រនៅថ្ងៃនេះបានចាប់ផ្តើមរៀបចំតម្កើងរបាំងទ្រូងផ្លូវហើយ។

មន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថានៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ ដូចខាងក្រោម៖
១-តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។
២-តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង ។

ប្រភពលើកឡើងថាមហាវិថីនេះ ក៏បានអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងតម្លើងស្លាកសញ្ញាចរាចរបន្ថែមផងដែរ។

សូមជម្រាបថា៖"ដើម្បីសុវត្ថិភាពលើដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងគោរពតាមល្បឿនកំណត់ "៕


ដោយ៖ប៊ុនរិទ្ធ





