សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ តាមជើងយន្តហោះពិសេស ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេលពីរថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។
បើតាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនារសៀលថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២៥៕
ដោយ៖ ជឹម ណារី





