មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកងកម្លាំងបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប
AKP កំពង់ធំ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទៅត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទនៅតំបន់បាក់ដាវក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងមានការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានសហការជាមួយមន្ត្រីរដ្ឋបាលជលផលសង្កាត់ពាមបាងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដំណើរការបង្ក្រាបបទល្មើសនេសាទដែលកំពុងមានការកើតឡើងនៅក្នុងតំបន់បាក់ដាវក្នុងភូមិសាស្ត្របឹងទទន្លេសាប ជាប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានធ្វើការរុះរើកំទេចចោលរបាំងស្បៃអួនខុសច្បាប់ចំនួន៣ខ្សែប្រវែងសរុបប្រមាណជិត១៥០០ម៉ែត្រ កំទេចឡុកចំនួន៣ឡុក និងលែងត្រីស្រស់មួយចំនួនចូលក្នុងបឹងវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរនេសាទត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញនៅពេលខាងមុខ និងបានស្នើសុំសហការ និងអំពាវនាវដល់អាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកមេខ្លោងដែលប្រើប្រាស់មធ្យោបាយ និងឧបករណ៍ខុសច្បាប់ដែលមានលក្ខណៈជាទ្រង់ទ្រាយធំ និងអ្នកពាក់ព័ន្ធដែលបានឃុបឃិតបំផ្លាញធនធានធម្មជាតិនាពេលកន្លងទៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





