ព្រះខ័នរាជស្វាយរៀង ប្រជែងបាន ៣ពិន្ទុពី Shan United FC ក្នុងជំនួបចុងក្រោយពូល A ពានក្លឹបជើងឯកអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥--ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជាប្រជែងបាន ៣ពិន្ទុពីក្រុម Shan United FC របស់ប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផល ៤-២ នៅក្នុងការប្រកួតចុងក្រោយបញ្ចប់ពូល A កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ នៃពានរង្វាន់ក្លឹបជើងឯកអាស៊ាន (ASEAN Club Championship Shopee Cup 2024-2025) ។

៤គ្រាប់ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ Bounphachan នៅនាទីទី២០ និងនាទី៣៣ និង២គ្រាប់ទៀតធ្វើសម្រេចដោយកីឡាករ Christian Roque Silveira Dos Santos នៅនាទីទី១៦ និងនាទី៧៦ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវ Shan United FC រកបានដោយកីឡាករ Ye Yint Aung នៅនាទី៧ និងដោយកីឡាករ Moussa Paul Bakayoko នៅនាទី៧៥។

ឆ្លងកាត់៥ប្រកួតដូចៗគ្នា នៅក្នុងពូល A ក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈក្រុមShan United FC របស់ប្រទេសមីយ៉ាន់ម៉ា ចាញ់ទាំង៥ប្រកួត ០ពិន្ទុ ឈរបាតតារាង ក្នុងចំណោម៦ក្រុម។ ចំពោះ២ក្រុមលើកំពូលតារាងក្នុងពូល A ដែលបានកក់កៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន៖ ក្រុម BG Pathum United របស់ថៃ លេខ១ មាន១១ពិន្ទុ និងក្រុម PSM Makassar របស់ឥណ្ឌូណេស៊ី លេខ២ មាន១០ពិន្ទុ។ ដោយឡែកសម្រាប់ពូល B ២ក្រុមលើកំពូលតារាង គឺក្រុម Cong An Hannoi របស់វៀតណាម លេខ១ មាន១២ពិន្ទុ ឡើងដោយស្វ័យប្រវត្តិ ខណៈក្រុម Buriram United ឈរលេខ២ មាន៧ពិន្ទុ ដោយក្នុងពូល B នេះ នៅសល់១ប្រកួតទៀតដូចៗគ្នា ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ក្លឹបជើងឯកអាស៊ាន (ASEAN Club Championship Shopee Cup 2024-2025) សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុម PSM Makassar លេខ២ពូល A ប៉ះ លេខ១ ពូល B ក្រុម Cong An Hannoi របស់វៀតណាម ខណៈក្រុមក្រុម BG Pathum United លេខ១ ពូលA ប៉ះក្រុមលេខ២មកពីពូល B ដែលប្រកួតជើងទី១ នាថ្ងៃទី០២ ខែមេសា ហើយជើងទី២ នឹងធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើង២ជើងដែរ គឺនៅថ្ងៃទី១៤ ខែឧសភា និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥៕

ដោយ ហេង ណាលីន (រូបភាព៖ CPL)





