រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្តាំផ្ញើ៥ចំណុចដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលនឹងចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានផ្តាំផ្ញើ៥ចំណុចដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលនឹងចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីជាទុនបន្ថែមសម្រាប់បំពេញភារកិច្ច។ ការលើកឡើងនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជូនដំណើរកងរាជអាវុធហត្ថលេខ៨៧២ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) កងវិស្វកម្មពហុជំនាញលេខ៨៦៣ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់ (UNIFIL) និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ទី៣ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងនូវប្រសាសន៍៥ចំណុចក្នុងនោះរួមមាន៖ ទី១៖ ប្រកាន់ខ្ជាប់ និងអនុវត្តន៍ឱ្យបានដាច់ខាតនូវអនុសាសន៍ដែលជាបទបញ្ជា ៤ចំណុច របស់ថ្នាក់ដឹកនាំកំពូលនៃយើង ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំ លេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។ ទី២៖ គោរពវិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជាស្វែងយល់ពីរបៀបរបបធ្វើការរបស់ អង្គការសហប្រជាជាតិ និងរក្សាភាពថ្លៃថ្នូរកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិ។ រៀនសូត្រដកពិសោធន៍ ប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាពដើម្បីឆ្លើយតបបេសកកម្មរបស់ខ្លួន ដែលអាចមានការ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន។ ទី៣៖ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ស្រឡាញ់គ្នា និងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចបានភារកិច្ច។ ខិតខំសិក្សារៀនសូត្រភាសាបរទេសបន្ថែម ដើម្បីងាយស្រួលទំនាក់ទំនងជាមួយ សហការីសហប្រជាជាតិ និងប្រជាជននៃប្រទេសដែលយើងបោះទីតាំង ។

ទី៤៖ សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ពីស្ថានភាពភូមិសាស្ត្រនយោបាយសង្គម ការប្រឈម ទាំងឡាយនៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់ គ្រប់ប្រភេទ ដែលអាចកើតឡើងដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារពួន ស្នាក់ ឬគ្រោះធម្មជាតិ និងជំងឺឆ្លងផ្សេងៗ។ ទី៥៖ ទំនាក់ទំនងល្អជាមួយប្រទេស ជាមួយប្រជាជន គោរពទំនៀមទំលាប់ និងចេះជួយប្រជាជននៅទីកន្លែង ដែលកងកម្លាំងយើងបំពេញប្រតិបត្តិការដូចជា ជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែក ស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យព្យាបាលជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ គុណធម៌ ស័ក្តិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញពីប្រជាជន ធ្វើអ្វីដើម្បីប្រជាជន៕

ដោយ៖ រិទ្ធី ប្រភព៖ អ្នកនាំពាក្យក្រសួងការពារជាតិ





