ឯកឧត្តម ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណេីរការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace)
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណេីរការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ UNIDO និងដៃគូអភិវឌ្ឍពាក់ព័ន្ធជួយតភ្ជាប់ខ្សែច្រវាក់តម្លៃកាន់តែមានប្រសិទ្ធភាពនូវផលិតផលជលផលក្រោយប្រមូលផល និងអាចឱ្យសហគ្រាសនានា អាចពង្រីកលទ្ធភាពនិងសមត្ថភាពក្នុងជំនួញរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងពីការកើនឡើងនៃផលនេសាទដ៏លើសលប់ក្នុងឆ្នាំនេះ ដែលជាផលវិជ្ជមានសម្រាប់ប្រជានេសាទ និងបានផ្ដល់អនុសាសន៍ណែនាំគិតដល់ប្រជានេសាទ និងសហគ្រាស អំពីការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្ដរភាព តាមរយៈការកែច្នៃសម្រាប់បម្រើដល់តម្រូវការទីផ្សារ ទាំងក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធានជលផលនេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សហគ្រាស ទាំងអស់ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ មានគុណភាពល្អ មានអនាម័យ ខ្ពស់ និងបង្កេីនសមត្ថភាពខ្លួនទៅតាមតម្រូវការទីផ្សារ ជាពិសេសទីផ្សារអឺរ៉ុប ដែលជាទីផ្សារមួយដ៏ល្អសម្រាប់ការនាំចេញ។

ឯកឧត្តមរដ្ឋមន្ដ្រី បានបង្ហាញគោលជំហរគាំទ្រដល់សហគ្រាសនានាក្នុងអនុវិស័យជលផល ក្នុងស្មារតីភារតភាពខ្ពស់ ដេីម្បីអាចធានាធនធានជលផលប្រកបដោយនិរន្តរភាព និងប្រេីប្រាស់ពេញសមត្ថភាពនូវធនធានជលផល ស្របជាមួយនឹងកម្មវិធីតាមដានអង្កេត (CamTrace) មានការត្រួតពិនិត្យច្បាស់លាស់ មានភាពទុកចិត្ត ធានាបាននូវសុវត្ថិភាពចំណីអាហារ និងទទួលបានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់សហភាព អឺរ៉ុប អង្គការ UNIDO សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ និងវិស័យឯកជន ដែលជានិច្ចជាកាលជួយគាំទ្រនូវតម្រូវការបច្ចេកទេស ទុនហរិញ្ញប្បទាន និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យកសិកម្ម ។ ស្របនឹងលទ្ធផលវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់បណ្តាធនាគារផ្សេងៗទៀតគិតគូរក្នុងការចូលរួមផ្តល់ជាទុនកម្ចីសម្រាប់សហគ្រាសក្នុងអនុវិស័យជលផល ដែលមានការធានាត្រឹមត្រូវ និងផ្តល់ផលចំនេញទាំងអស់គ្នា និងជូនពរដល់អង្គពិធីទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងកសិកម្ម)





