ក្រសួងវប្បធម៌រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

សូមបញ្ជាក់ជូនថា លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃរហូតដល់ជាង៩០ភាគរយនៃសកម្មភាពទូទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលលទ្ធផលនេះក៏មានចំណែកដ៏សំខាន់ផងដែរ ពីការចូលរួមគាំទ្រ សហការសម្របសម្រួលរបស់ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន ប្រទេសជាដៃគូ អង្គការជាតិ អន្តរជាតិ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនីក្នុងនិងក្រៅប្រព័ន្ធ និងប្រជាជនគ្រប់មជ្ឈដ្ឋានដែលសុទ្ធតែជាតួអង្គដ៏ចាំបាច់ក្នុងការពង្រឹង និងជំរុញវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវ ជោគជ័យ និងការពារបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ។


នៅក្នុងសន្និបាតនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាតក្រសួងសរុបប្រមាណ៦០០ នាក់ នៅសាលសន្និសីទចតុម្មុខ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





