ម្ចាស់ឱសថស្ថានឯកជនដែលបើកធ្វើអាជីវកម្មក្នុងខេត្ត ត្រូវពង្រឹងសមត្ថភាព គុណភាព ដោយទំនុកចិត្ត
AKP កែប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ម្ចាស់ឱសថស្ថានឯកជន ដែលកំពុងបើកអាជីវកម្មក្នុងខេត្តកែប ត្រូវពង្រឹងសមត្ថភាព និងត្រូវព្យាបាលជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ មានទំនុកចិត្ត ចៀសវាងជួបបញ្ហាដែលយើងនឹកស្មានមិនដល់។ នេះជាការលើកឡើងរបស់លោក ប៊ុន យោង អភិបាលរងខេត្តទទួលបន្ទុកវិស័យសុខាភិបាល ក្នុងដំណើរចុះពិនិត្យទីតាំង ឱសថស្ថាន និងគ្លីនិកឯកជន ដែលបើកធ្វើអាជីវកម្មក្នុងភូមិសាស្ត្រក្រុងកែប និងស្រុកដំណាក់ចង្អើរ នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៥។


ការចុះពិនិត្យទីតាំងឱសថស្ថាន និងគ្លីនិកឯកជននេះ ក្នុងបំណងដើម្បីពិនិត្យ កែលម្អ នៅចំណុចខ្វះខាត និងបង្ការទប់ស្កាត់នៅការលក់ឱសថមិនចុះបញ្ជីការ ឱសថហាមឃាត់ និងហួសសុពលភាព។ជាលទ្ធផលក្រុមការងារជំនាញបានចុះពិនិត្យជាក់ស្តែងនៅក្រុងកែបចំនួន៦ទីតាំង (បិទទ្វារ១) និងស្រុកដំណាក់ចង្អើរ៨ទីតាំង (បិទទ្វារ៤) និងបានរកឃើញឱសថស្ថានខ្លះ IPC មិនមានស្តង់ដា មិនមានកត់ត្រាឈ្មោះអ្នកជំងឺ មិនមានតារាងតម្លៃ មិនមានវិក្កយប័ត្រទិញ-លក់ រួមទាំងដកហូតឱសថមិនចុះបញ្ជិការ ឱសថហាមឃាត់ និងឱសថហួសសុពលភាពមួយចំនួន។


ទន្ទឹមនោះ លោក ប៊ុន យោង បានឱ្យម្ចាស់ឱសថស្ថានទាំងអស់ធ្វើកិច្ចសន្យាលើចំណុចខ្វះខាតផ្សេងៗ ដែលក្រុមការងារបានរកឃើញ និងបានណែនាំដល់ម្ចាស់ឱសថស្ថាន ត្រូវរៀបចំនូវចំណុចដែលខ្វះខាតឡើងវិញ និងត្រូវគោរពតាមគោការណ៍ណែនាំរបស់រដ្ឋបាលខេត្តកែប និងក្រសួងសុខាភិបាល រួមជាមួយការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាពសេវាសុខាភិបាលសម្រាប់បម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជៀសវាងបង្កភាពគ្រោះថ្នាក់ ដោយសារការប្រើប្រាស់ឱសថខូចគុណភាព៕
ដោយ ប្រាក់ លាង





