សមិទ្ធផលនានាដែលជាគម្រោងរបស់អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ
AKP ឧត្តរមានជ័យ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥--
អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលគម្រោង «លើកស្ទួយជីវភាព និងការកែលម្អ ស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ» ក្រោមវត្តមានរបស់លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័យ លោក ភីត ម៉ាស៍ (Mr. Piet Mars) អគ្គនាយកមូលនិធិហ្វារ៉ូស ដោយពិធីសម្ពោធបានធ្វើឡើងក្នុងភូមិរស្មីសូភី ឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ដោយមានសមាសភាពចូលជាង៦០០នាក់ផងដែរ។

លោក អឿន រតនា ប្រធានអង្គការ CIDO បានបញ្ជាក់ថា ការបង្កើតនូវគម្រោង «លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកបន្ទាយអំពិល» ដើម្បីលើកស្ទួយជីវភាព បង្កើនប្រាក់ចំណូល កែលម្អទឹកស្អាតចំនួន៤ភូមិ (ភូមិទទឹងថ្ងៃ ភូមិរស្មីសូភី ភូមិប្រាសាទល្បើក និងភូមិពោធិ៍ថ្មី) ស្ថិតក្នុងឃុំបេង និងជាពិសេសសកម្មភាពលើកកម្ពស់អនាម័យរបស់ប្រជាពលរដ្ឋចំនួន៩៨ភូមិ នៅក្នុងស្រុកបន្ទាយអំពិលទាំងមូល ដោយចំណាយថវិកាចំនួន ៨១៣,៨៩៣ ដុល្លារអាមេរិក ដែលជាជំនួយពីមូលនិធិហ្វារ៉ូសប្រទេសហូឡង់។ តួយ៉ាង ទស្សនវិស័យរបស់អង្គការស៊ីដូគឺចង់ឃើញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបរស់នៅប្រកបដោយផលិតភាព និងសុខដុរមនា។

លោកស្រី មុំ ពុទ្ធីតា បានលើកឡើងថា ការផ្គតផ្គង់ទឹកស្អាតគឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ពិសេសនៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យមានប្រសិទ្ធភាព និងសម្រេចឱ្យបាននូវទស្សនវិស័យឆ្នាំ២០២៥-២០៣០ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់៕

ដោយ ទិត ស្រ៊





